(កណ្ដាល)៖ ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យខេត្តកណ្ដាល ក្រោមការដឹកនាំដោយលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល ខេត្តកណ្ដាល និងក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កម្មករ កម្មការិនី ចំនួន២៦៨នាក់ទៀតហើយ នៅស្រុកអង្គស្នួល បានជាសះស្បើយពីជំងឺកូវីដ១៩។

ស្ថិតនៅក្នុងពិធីជូនដំណើរ និងចែកអំណោយជូនកម្មករ កម្មការិនី នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា សូមបងប្អូន ក្មួយៗ កម្មករ កម្មការិនីទាំងអស់ ពេលបានត្រឡប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត និងត្រូវត្រលប់មកវិញ ដើម្បីយកសំណាកធ្វើតេស្តបន្ទាប់ពីចាកចេញទៅរយៈពេល ១៤ថ្ងៃ ហើយសូមចូលរួមផ្សព្វផ្សាយអំពីវិធានអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការគឺ «៣ការពារ និង៣កុំ»។

សូមជម្រាបថា ការជាសះស្បើយបន្ថែម របស់កម្មករកម្មការិនីសរុបចំនួន ២៦៨នាក់ ក្នុងនោះមានស្រ្តីចំនួន ១០៤នាក់ មកពីមណ្ឌលព្យាបាលចំនួន ៥រួម៖

*ទី១៖ មណ្ឌលព្យាបាល ម៉ាស្ទ័រ & ហ្វ្រែង ចំនួន៦៥នាក់ ស្រី៤០នាក់
*ទី២៖ មណ្ឌលព្យាបាលបឋមសិក្សា កុយតិប ចំនួន ៧៥នាក់ ស្រី ៤៣នាក់
*ទី៣៖ មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ចំនួន ២០នាក់ ស្រី ១៧នាក់
*ទី៤៖ មណ្ឌលព្យាបាលអនុវិទ្យាល័យ បែកចាន ចំនួន ៥៨នាក់ ស្រី ៣៨នាក់
និងទី៥៖ មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ចំនួន ៥០នាក់ ស្រី ២៨នាក់ ៕

គួររម្លឹកថា ចាប់តាំងពីព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅទូទាំងស្រុកអង្គស្នួល មានករណីវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១,៣១៦នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍រោងចក្រ ចំនួន១,២៥២នាក់។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ ទាំងនោះបាននឹងកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលទូទាំងស្រុកសរុបចំនួន ៧៧៦នាក់ អ្នកជាសះស្បើយបានវិលត្រលប់ទៅផ្ទះវិញចំនួន ៥៣៨នាក់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៤,១៤១គ្រួសារ ស្មើនឹង ៩,៧៥៣នាក់ ស្រី ៥,៥៩១នាក់៕