(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមការពារសន្តិភាពឱ្យគង់វង្ស ដើម្បីកុំអោយរបបវាលពិឃាតវិលត្រឡប់មកវិញ ដោយសម្តេចបានលើកឡើងថា ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចបានបន្តថា៖ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

«ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

របបវាលពិឃាត ត្រូវបានដួលរំលំរយៈពេល៤២ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ទោះបីជារបបនេះបានដួលរំលំ ប៉ុន្តែជម្លោះប្រដាប់អាវុធ នៅតែកើតមានជាបន្តបន្ទាប់ រហូតដល់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាថ្ងៃជោគជ័យនៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាបានស្គាល់នូវអ្វីដែលហៅថា សន្តិភាពពេញលេញ៕