(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគណនេយ្យ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការប្តូរឈ្មោះថ្មីទៅជា «និយតករគណនេយ្យ និងសវនកម្ម»

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភានេះបានឲ្យដឹងថា យោងតាមព្រះរាជក្រមលេខ នស/ រកម/ ០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានធ្វើសមាហរណកម្មចូល ទៅក្នុងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ក្រោមឈ្មោះថា «និយ័តករគណនេយ្យនិងសវនកម្ម» ដែលដឹកនាំដោយអគ្គនាយក។

និយ័តករគណនេយ្យ និងសវនកម្ម នឹងបន្តអនុវត្តមុខងារភារកិច្ច របស់ក្រុមប្រឹក្សាជាតិគណនេយ្យ ដែលបានកំណត់នៅក្នុងច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម
និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

បន្ថែមលើសពីនេះទៀត ក្នុងដំណាក់កាល នៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ដំណើរការផ្លូវការរបស់ស្ថាប័ន និយ័តករគណនេយ្យនិងសវនកម្ម នឹងប្រើ និមិត្តសញ្ញា (Logo) និងត្រារបស់ក្រុមប្រឹក្សាជាតិគណនេយ្យ នៅក្នុងលិខិតស្នាមនិងឯកសារនានា ក្នុងទំនាក់ទំនងការងារផ្លូវការ រហូតដល់និយ័តករ មាននិមិត្តសញ្ញា (Logo) និងត្រារបស់ខ្លួនផ្ទាល់។

ជាមួយគ្នានេះ និយ័តករគណនេយ្យ និងសវនកម្ម ក៏បានចេញសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត ស្តីពី ការរំលឹកនៃការអនុវត្តកាតព្វកិច្ច ដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០ ឲ្យរងសវនកម្មឯករាជ្យ និងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ដែលរងសវនកម្មឯករាជ្យរួច បក និយ័តករគណនេយ្យ និងសវនកម្ម។

តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សហគ្រាសទាំងឡាយណា ដែលស្ថិតនៅក្នុងចំណុច១ ដល់៤ ខាងក្រោម មានកាតព្វកិច្ចត្រូវដាក់ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ឲ្យរងសវនកម្មឯករាជ្យ។

១៖ សហគ្រាសសាធារណៈ
២៖ សហគ្រាសទទួលខុសត្រូវជាសាធារណៈ
៣៖ គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
៤៖ សហគ្រាសដែលមិនស្ថិតក្នុងចំណុច ១, ២ និង ៣ ខាងលើ ប៉ុន្តែបានបំពេញលក្ខណវិនិច្ឆ័យទាំង២ ក្នុងចំណោមលក្ខណវិនិច្ឆ័យចំនួន ៣ ខាងក្រោម ត្រូវមានកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ។

* លក្ខណវិនិច្ឆ័យទី១៖ មានទឹកប្រាក់ផលរបរប្រចាំការិយបរិច្ឆេទ គណនេយ្យចាប់ពី ៤,០០០,០០០,០០០ រៀល ឡើងទៅ។
* លក្ខណវិនិច្ឆ័យទី២៖ មានទ្រព្យសកម្មសរុបចាប់ពី ៣,០០០,០០០,០០០រៀល ឡើងទៅគិតត្រឹម ថ្ងៃបិទការិយបរិច្ឆេទគណនេយ្យ។
* លក្ខណវិនិច្ឆ័យទី៣៖ មានចំនួនកម្មករ និយោជិតបម្រើការងារចាប់ពី១០០នាក់ឡើងទៅ ដោយយោងទៅតាមចំនួនកម្មករនិយោជិតមធ្យមភាគដែលមានក្នុងឆ្នាំ។

សហគ្រាសទាំងឡាយណា ដែលបិទបញ្ចប់ការិយបរិច្ឆេទគណនេយ្យនៅថ្ងៃទី ៣១ ខែធ្នូ និងនៅថ្ងៃណាមួយ នៃឆមាសទី២ នៃឆ្នាំ២០២០ ការធ្វើសវនកម្មឯករាជ្យ លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងការដាក់របាយការណ៍ហិរញ្ញវត្ថុ មកនិយ័តករគណនេយ្យ និងសវនកម្ម ត្រូវបានកំណត់ យ៉ាងយូរត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១។

ដើម្បីសម្រួលដល់សហគ្រាស ក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ និយ័តករគណនេយ្យនិងសវនកម្ម នឹងដាក់ឲ្យប្រើប្រព័ន្ធបញ្ជូនរបាយការណ៍ តាមអនឡាញ (E-filling System) នាពេលខាងមុខ។

ការមិនបានអនុវត្តកាតព្វកិច្ចទាំងនេះ សហគ្រាសនឹងទទួលរងទោសទណ្ឌ ដូចបានកំណត់នៅក្នុង អនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម និងបញ្ញត្តិពាក់ព័ន្ធផ្សេងទៀតជាធរមាន៕