(ក្រចេះ)៖ កោះព្រហ្មចារី ជាផ្នែកដ៏សំខាន់មួយនៅក្នុង «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ២០ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ធម្មជាតិដ៏ស្រស់ត្រកាលនៅតាមទីប្រជុំកោះនេះ គឺផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ។

ការធ្វើដំណើរទៅកាន់សហគមន៍នេះ គឺខុសពីការទៅទស្សនានៅទីទេសចរណ៍ផ្សេងទៀត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។ ទៅដល់សហគមន៍ ភ្ញៀវទេសចរអាចសម្រាក និងទទួលទានអាហារនៅផ្ទះស្នាក់ (Home Stay) របស់ប្រជាសហគមន៍មួយពេលសិន មុនបន្តដំណើរតាមកាណូតឆ្ពោះទៅប្រជុំកោះនៅក្នុងក្ដីសុបិន្ត។

រំលេចឆោមឆើតកណ្ដាលជលសា កោះព្រហ្មចារីប្រៀបដូចវិមានទេសចរណ៍អណ្ដែតលើផ្ទៃគង្គាយ៉ាងស្រស់ត្រកាល។ ឆ្នេរខ្សាច់សក្បុសប៉ប្រះមាត់ទឹក ជាទីស័ក្តិសមបំផុតសម្រាប់ការបោះតង់សម្រាកនៅពេលរាត្រី។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរអាចគយគន់សម្រស់ជលធារានាពេលព្រះសូរិយារៀបអស្តង្គត និងទទួលទានអាហារពេលល្ងាចដែលប្រជាសហគមន៍រៀបចំជូន។

លុះដល់អរុណោទ័យកាល សំឡេងបក្សាបក្សីលាន់ឮរំពងនៅតាមព្រៃព្រឹក្សា ញ៉ាំងបរិយាកាសនៅលើកោះព្រហ្មចារីកាន់តែវិសេសវិសាលក្រៃលែង។ ក្រៅពីដើរទស្សនាសម្រស់ធម្មជាតិនៅលើផ្ទៃកោះ ភ្ញៀវទេសចរក៏អាចចុះលេងទឹក និងទទួលទានអាហារយ៉ាងឆ្ងាញ់ពិសានៅលើក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃផងដែរ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចជិះកាណូតទស្សនាសម្រស់ធម្មជាតិ នៅតាមប្រជុំកោះជាច្រើនកន្លែងទៀត មុនត្រលប់មកសហគមន៍វិញ។

ដំណើរដើមទងនៃការដាក់ឈ្មោះកោះព្រហ្មចារីនេះ គឺពីដំបូងឡើយ អ្នកស្រុកនៅទីនោះហៅកោះនេះថា «កោះយ៉ៃ» ប៉ុន្តែក្នុងពេលដែលលោក ឡូយ សុផាត នៅធ្វើជាអភិបាលខេត្តក្រចេះ លោកបានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ ហើយដោយឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីរមណីយ ដែលប្រៀបដូចជានារីក្រមុំព្រហ្មចារី ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផងនោះ លោកក៏សម្រេចជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារី» តែម្ដង។

រមណីយភាពដ៏អស្ចារ្យមួយទៀត គឺការទស្សនាសត្វផ្សោតតាមដងទន្លេមេគង្គ មិនថាពេលព្រឹក ឬពេលល្ងាច ក៏សុទ្ធតែអាចទស្សនាបានដូចគ្នា។ ដំណើរផុសឡើងរបស់សត្វកម្រប្រភេទនេះ ពិតជាផ្ដល់នូវអារម្មណ៍សប្បាយរីករាយបំផុតសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា។

ម្យ៉ាងវិញទៀត ភ្ញៀវទេសចរគួរតែដើរទស្សនាស្វែងយល់អំពីសកម្មភាពរស់នៅប្រចាំថ្ងៃ ហើយសម្រាកនៅក្នុងផ្ទះស្នាក់របស់ប្រជាសហគមន៍ ដើម្បីបានភ្លក្សរសជាតិម្ហូបអាហារ និងផលិតផលកសិផលក្នុងសហគមន៍។

សូមបញ្ជាក់ថា «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ត្រូវបានបង្កើតឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងសហការជាមួយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF)។ ការបង្កើតសហគមន៍នេះមានគោលបំណង ដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីទេសចរណ៍ លើកកម្ពស់ជីវភាព កាត់បន្ថយការចំណាកស្រុក។ ម្យ៉ាងវិញទៀត ក៏ដើម្បីចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ទាំងមូល មានដូចជាធនធានព្រៃឈើ សត្វព្រៃ ពិសេសគឺសត្វក្ដាន់ សត្វផ្សោតជាដើម។

ជាការពិតណាស់ វត្តមានរបស់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុង «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» មិនត្រឹមតែទទួលបាននូវអារម្មណ៍សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងផ្ដល់នូវចំណូលដោយផ្ទាល់ជូនដល់ប្រជាសហគមន៍ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ចូលរួមការពារធនធានធម្មជាតិនៅក្នុងសហគមន៍ ឱ្យបន្តមានជានិរន្តរ៍ទៅមុខទៀតផងដែរ៕

សូមទស្សនាវីដេអូដែលផលិតដោយ Fresh Studio ដូចខាងក្រោម៖