(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន១៨,០០០ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើង ក្នុងការជួយប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានជោគជ័យ។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តក្រោមអធិបតីភាព របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា «យើងសូមអរគុណសម្រាប់ការជួយគាំទ្រ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើងកំពុងរៀបចំចែកចាយនូវសម្ភារៈបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងនៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ»

លោក Sanjay Chakrabarty បានថ្លែងថា «បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឲ្យមនុស្សគ្រប់រូបទទួលបាន នូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារ សុខភាពរបស់ពួកគេ។ ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខ ដោយផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យ ដែលមានគុណភាពខ្ពស់ ដែលទាំងនេះ ជាគំនិតផ្ដួចផ្ដើមមួយ ក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រ ដល់សហគមន៍ដៃគូរបស់យើង។

លោកថា ជាឧទាហរណ៍ លើគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលយើងបានអនុវត្ត រួមមានការចូលរួម នៅក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាព លើជំងឺកូវីដ១៩ ដើម្បីជួយផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងន័យដោះស្រាយលើការចំណាយផ្នែកវេជ្ជសាស្រ្ត ដែលកើតឡើង ដោយមិនបានព្រាងទុក ហើយយើងក៏បានការដាក់ចេញនូវដំណោះស្រាយ ជួយដល់អតិថិជនរបស់យើង ពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេល ដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មិនតែ ប៉ុណ្ណោះយើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។

លោកបន្ថែមទៀតថា យើងពិតជាកោតសរសើរ ចំពោះវិធានការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មកទល់ពេលនេះ ហើយយើងនឹងបន្តគាំទ្រយុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។

ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃមូលនិធិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគមន៍របស់ព្រូដិនសល និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្ត របស់ប្រជាជនរបស់យើងនៅតំបន់អាស៊ី អាមេរិក និងអាហ្វ្រិក។

មូលនិធិនេះផងដែរ ក៏ត្រូវបានផ្តល់ឱ្យប្រទេសទូទាំងពិភពលោក ដែលមានសាខាក្រុមហ៊ុនព្រូដិនសលតាំងនៅ តាមរយៈជំនួយសប្បុរសធម៌ ក៏ដូចជាកម្មវិធីសហគមន៍ ខណៈដែលមានការទទួលរងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏ លំបាកនៃការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងផ្ដល់ជំនួយមូលនិធិដល់ដៃគូ មិនស្វែងរកប្រាក់ចំណេញនៃមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍ សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីគាំទ្រដល់ការងាររបស់ពួកគេ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះ មកលើសហគមន៍នានា ក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើន ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង ជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព៕