(ភ្នំពេញ)៖ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF សម្ដែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ដែលមានដំណើរការល្អ ដែលមកទល់នឹងពេលនេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជនជាង ២,២លាននាក់រួចទៅហើយ។

ការថ្លែងរបស់ WHO និង UNICEF ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវី១៩ ចំនួន៣កន្លែងនៅរាជធានីភ្នំពេញ រួមមាន៖ ខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌ៧មករា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់របស់លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកស្រី លី អាយឡាន បានថ្លែងថា តាមរយៈចុះមកទស្សនកិច្ចការចាក់វ៉ាក់ការពារជំងឺកូវីដ១៩ដោយផ្ទាល់ គឺឃើញមានភាពល្អប្រសើរមែនទែន ហើយពលរដ្ឋកម្ពុជា មានសេចក្ដីសប្បាយរីករាយ ក្នុងការមកទទួលយកវ៉ាក់សាំងនៅថ្ងៃនេះ ក៏ដូចជាកន្លងមក។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន បានបញ្ជាក់ថា «ប្រជាពលរដ្ឋកម្ពុជា មានសំណាងណាស់ ដែលបានទទួលនូវវ៉ាក់សាំងកូវីដ១៩ ហើយកម្ពុជាក៏ជាប្រទេសដំបូងគេបង្អស់ផងដែរ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ តាមរយៈយន្ដការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី»។ លើសពីនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីមន្ដ្រីគ្រប់ស្ថាប័នទាំងអស់នេះ រួមទាំងប្រជាពលរដ្ឋ ដែលធ្វើឱ្យការគ្រប់គ្រងបានយ៉ាងល្អ និងមានសមិទ្ធផលគួរកត់សម្គាល់ និងកោតសរសើរផងដែរ»។

ចំណែកលោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF បានគូសបញ្ជាក់ថា «តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីខែកុម្ភៈមកទល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថា កម្ពុជាបានធ្វើការសម្រេចចិត្ដមួយ ដ៏ត្រឹមត្រូវ ព្រោះបានផ្ដល់វ៉ាក់សាំងទៅដល់ជនអាទិភាពជាដំបូង ដូចជាក្រុមគ្រូពេទ្យជួរមុខ ដែលជាអ្នកថែទាសុខភាពពលរដ្ឋ និងពង្រីកការចាក់វ៉ាក់សាំងដល់គ្រូបង្រៀន និងប្រជាពលរដ្ឋជាបន្ដបន្ទាប់ ហើយកម្ពុជាក៏ជាប្រទេសទី១ ដែលបានផ្ដល់អាទិភាពចាក់វ៉ាក់សាំងជូនក្រុមអ្នកផ្ដល់សេវាជួរមុខ»

ទន្ទឹមនឹងនោះលោកស្រី បានកោតសរសើរ ពីការគៀរករ ការផ្ដល់ប្រឹក្សា និងចាក់វ៉ាក់សំាងកូវីដជូនប្រជាពលរដ្ឋ បានយ៉ាងល្អ ជាពិសេសមានការសហការគ្នា សូម្បីតែក្រុមគ្រូពេទ្យស្ម័គ្រចិត្ដវ័យក្មេង ដែលជាធនធនជំនាន់ក្រោយនេះ ក៏បានចូលរួមដ៏សកម្មភាពផងដែរ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោកស្រី Foroogh Foyouzat បានបន្ដថា «តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺអាចធ្វើឱ្យយើងឆាប់ត្រលប់មករកភាពប្រក្រតីវិញ ដែលប្រកបមុខរបបការងារយើងឡើងវិញ ប៉ុន្ដែមិនមែនមានន័យថា វ៉ាក់សំាងតែមួយមុខនោះទេ គឺចាំបាច់បន្ដការអនុវត្ដឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាលផងដែរ»

ជាមួយគ្នានោះ WHO និង UNICEF បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទាំងអស់ដើម្បីការពារកុំឱ្យមានការផ្ទុះជំងឺកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធ្ងរនៅពេលអនាគត។ ការផ្ទុះរាលត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ មិនថានៅកម្ពុជា ឬនៅក្នុងតំបន់ និងសកលលោកទេ គឺនៅតែជាបញ្ហាធ្ងរធ្ងរ ហើយការផ្ទុះរាលត្បាតនេះមិនទាន់ចប់នៅឡើយទេ៕