(ភ្នំពេញ)៖ ក្រុមធុរកិច្ចថ្មីចំនួន៩ក្រុម បានត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតប្រជែងយកជ័យលាភី ដែលមានរង្វាន់ជាទឹកប្រាក់៩០លានរៀល ក្នុងកម្មវិធី «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្រ្ចាស។

កម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដែលតម្រូវឲ្យបេក្ខជនទាំង៩ក្រុម ធ្វើបទបង្ហាញអំពីផលិតផលរបស់ខ្លួន អមនឹងវីដេអូសង្ខេបខ្លី ណែនាំអំពីផលិតផលនោះ ក្នុងការដោះស្រាយទៅលើបញ្ហាប្រឈម ដែលបានលើកឡើង ដោយក្រុមហ៊ុនធំៗ និងសាជីវកម្មចំនួន៧កាលពី «ថ្ងៃបទបង្ហាញបញ្ច្រាស» ជូនទៅកាន់គណៈកម្មការ និងទស្សនិកជន។

នៅចុងបញ្ចប់នៃកម្មវិធី គណៈកម្មការនឹងវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រឹត្យ ដើម្បីជ្រើសរើសក្រុមធុរកិច្ចចំនួន៣ ឱ្យក្លាយជាម្ចាស់ជ័យលាភីនៃ កម្មវិធីនវានុវត្តន៍បញ្ច្រាស ដែលជ័យលាភីទាំងនោះរួមមាន៖
ជ័យលាភីលេខ១៖ នឹងទទួលបានទឹកប្រាក់រង្វាន់ចំនួន៤០លានរៀល។
ជ័យលាភីលេខ២៖ នឹងទទួលបានទឹកប្រាក់រង្វាន់ចំនួន៣០លានរៀល។
ជ័យលាភីលេខ៣៖ នឹងទទួលបានទឹកប្រាក់រង្វាន់ចំនួន២០លានរៀល។

កម្មវិធី «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» ជាកម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ហើយនឹងប្រព្រឹត្តិទៅក្រោមការចូលរួមពីលោកបណ្ឌិត គង់ ម៉ារី, អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», លោកបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ និងលោកបណ្ឌិត អ៊ិន ចាន់នី, ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា។

សូមជម្រាបថា បញ្ហាប្រឈមចំនួន១១ដែលបានលើកឡើងរួមមាន៖

១៖ ចំណោទបញ្ហាទី១៖ ឌីជីថល KYC - គម្លាតនៃការចុះឈ្មោះ ឬការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុនស្មាត។
២៖ ចំណោទបញ្ហាទី២៖ លេខសម្គាល់ឌីជីថលសម្រាប់ជនជាតិខ្មែរ (បុគ្គលនិងអង្គភាព) ដែលធ្វើបទបង្ហាញដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។
៣៖ ចំណោទបញ្ហាទី៣៖ ការតភ្ជាប់រវាងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធគណនេយ្យ ដែលធ្វើបទបង្ហាញដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។
៤៖ ចំណោទបញ្ហាទី៤៖ ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដែលធ្វើបទបង្ហាញ ដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។
៥៖ ចំណោទបញ្ហាទី៥៖ កន្លែងទទួលការបរិច្ចាគសម្រាប់ប្រភពមូលនិធិទាំងអស់ ដែលធ្វើបទបង្ហាញ ដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។
៦៖ ចំណោទបញ្ហាទី៦៖ eKYC សម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការទទួលអតិថិជនតាមប្រព័ន្ធឌីជីថល ដែលធ្វើបទបង្ហាញដោយ ការិយាល័យឥណទានកម្ពុជា។
៧៖ ចំណោទបញ្ហាទី៧៖ ជម្រើសនៃការដាក់ពិន្ទុឥណទានសម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ (underbanked and unbanked) ដែលធ្វើបទបង្ហាញដោយ ការិយាល័យឥណទានកម្ពុជា។
៨៖ ចំណោទបញ្ហាទី៨៖ គម្រោងហិរញ្ញប្បទានដែលផ្អែកលើ «ធនធានអនាគត» និងប្រព័ន្ធ «ចំណាត់ថ្នាក់ឥណទាន» នៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ធ្វើបទបង្ហាញដោយ ក្រុមហ៊ុន Agribuddy។
៩៖ ចំណោទបញ្ហាទី៩៖ ការកសាងសមត្ថភាពសំរាប់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលធ្វើបទបង្ហាញដោយ ធនាគារឯកទេសវីង។
១០៖ ចំណោទបញ្ហាទី១០៖ ដំណោះស្រាយផលិតផលសន្សំប្រកបដោយ ភាពច្នៃប្រឌិត ដែលធ្វើបទបង្ហាញដោយ ធនាគារឯកទេសវីង។
១១៖ ចំណោទបញ្ហាទី១១៖ ការចូលរួមរបស់អតិថិជន-កត្តាសំខាន់ដែលជំរុញឲ្យអតិថិជន មានការប្រាស័យទាក់ទងជាមួយធនាគារ ដែលធ្វើបទបង្ហាញដោយ ធនាគារភ្នំពេញពាណិជ្ជ។

បេក្ខជនទាំង៩ក្រុម ក្នុងកម្មវិធីនវានុវត្តន៍បញ្រ្ចាសរួមមានក្រុម ARSAR, ក្រុម 3S, ក្រុម FaS eKYC, ក្រុម NAPT, ក្រុម Safe Phone Service, ក្រុម JAYA, ក្រុម MicroPort, ក្រុម SaveUp និងក្រុម ដើមលុយ។ ក្រុមទាំង៩នេះនឹងធ្វើបទបង្ហាញអំពីផលិតផលក៏ដូចជា ដំណោះស្រាយចំពោះបញ្ហាប្រឈម ដែលពួកគេបានជ្រើសរើស ទៅកាន់គណៈកម្មការទាំង៥រូបរួមមាន៖ លោកបណ្ឌិត តាំង ងួនលីនាយកនៃម.ធ.ត, លោក Shin Chang Moo, ទីប្រឹក្សាប្រតិបត្តិនៃធនាគារភ្នំពេញពាណិជ្ជ, លោក អឿ សុធារ័ត្ន, ប្រធាននាយកប្រតិបត្តិ នៃការិយាល័យឥណទានកម្ពុជា, លោក ចរ សុភាព, នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល នៃធនាគារអេស៊ីលីដា និងលោក Tomas Pokorny នាយកប្រតិបត្តិនិងសហស្ថាបនិកក្រុមហ៊ុន PiPay និងនាយកក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការនៃសមគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» នឹងធ្វើការផ្សាយបន្តផ្ទាល់នូវវគ្គផ្តាច់ព្រ័ត្រនេះ នៅលើប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ តេជោ ផ្ទាល់ (សូមចូលទៅកាន់តំណរនេះ http://bit.ly/Forward_Pitch_Day)។ ការផ្សាយបន្តផ្ទាល់នេះនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រួមទាំងមានការបែងចែកជា២វេន ដោយការផ្សាយបន្តផ្ទាល់ពេលព្រឹកចាប់ពីម៉ោង៨៖ ៣០នាទីព្រឹក រហូតដល់ម៉ោង១១៖០០នាទីថ្ងៃត្រង់ ចំណែកឯការផ្សាយបន្តផ្ទាល់ ពេលរសៀលចាប់ពីម៉ោង១៖៣០នាទីរសៀល រហូតដល់ម៉ោង៤៖៣០នាទីរសៀល៕