(ស្ទឹងត្រែង)៖ គណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបើកិច្ចប្រជុំស្តីពីលទ្ធផល នៃការចុះវាស់វែង និងបោះបង្គោលព្រំដីចំណីបឹងធម្មជាតិ ត្រៀមចុះបញ្ជីជាទ្រពសម្បតិ្តរដ្ឋ និងត្រៀមចុះបញ្ជីទីតាំងបឹងគីឡូ៨ និងអាងទឹកទំនប់គីឡូ៩ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាទ្រព្យសម្បត្តិជាទ្រព្យសម្បត្តិរដ្ឋបន្ថែមទៀត។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធីបតីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងប្រជាប្រធានគណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្ត និងមានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញ់ពាក់ព័ន្ធ លោកចៅសង្កាត់សាមគ្គី និងមន្ត្រីជំនាញសុរិយោដីជាច្រើននាក់។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានថ្លែងថា កន្លងមកនេះមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះវាស់វែងកំណត់ព្រំផ្ទៃដីបឹង បានចំនួន ៥កន្លែងមកហើយ និងបន្តនីតិវិធីស្នើសុំទៅកាន់គណៈកម្មារការគ្រប់គ្រងដីរដ្ឋ ដើម្បីធ្វើការចុះបញ្ជី។

លោក ម៉ិញ ស៊ីចាយ បានបន្តថា នៅក្នុងការវាស់វែងកំណត់ព្រំផ្ទៃដីបឹងធម្មជាតិនេះ ខាងមន្ត្រីជំនាញ់ក៏កំពុងបន្តនីតិវិធីក្នុងការវាស់វែងផ្ទៃដីបឹងចំនួន ៣ផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្នុងនោះបឹងរាលរំពេរិ៍តូច បានវាស់វែងរួចរាល់ បឹងវាលរំពេរិ៍ធំ និងទំនប់អូរខ្លុង កំពុងបន្តនីតិវិធី និងវាស់វែងបន្តទៀត ដើម្បីបានបញ្ជប់ និងដាក់ស្នើសុំទៅកាន់គណៈកម្មាការគ្រប់គ្រងដីរដ្ឋចុះក្នុងបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ។

លោក ម៉ុម សារឿន បានគាំទ្រ ក្នុងចុះបញ្ជីផ្ទៃបឹងដែលមន្ត្រីជំនាញ និអាជ្ញាធរបានចុះធ្វើការវាស់វែង និងកំណត់ព្រំរួចរាល់ និងស្នើសុំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្រូវរួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាអ្នកអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានពន្លឿនការចុះវាស់វែង និងកំណត់ព្រំផ្ទៃដីបឹងធម្មជាតិនានា ក្នុងភូមិសាស្ត្រខេត្តឱ្យបានលឿន ដើម្បីបានចុះក្នុងបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ។

លោក ម៉ុម សារឿន បានបញ្ជាក់ថា ការចុះបញ្ជីដីបឹងធម្មជាតិជាទ្រព្យសម្បត្តិរដ្ឋ គឺអនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សានូវអ្វីដែលជាទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិជាតិ ឱ្យស្ថិតស្ថេរគង់វង្សនៅយូអង្វែង ជៀសវាងមានការបាត់បង់ដោយការទន្ទ្រាន កាន់កាប់ដោយខុសច្បាប់ពីសំណាក់ជនខិលខូច។

អភិបាលខេត្តបានគូសបញ្ជាក់ថា បឹងធម្មជាតិទាំងអស់ ក្នុងខេត្តស្ទឹងត្រែង នឹងត្រូវវាស់វែង និងបោះបង្គោលកំណត់ព្រុំដីចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ហើយចំពោះប្រជាពលរដ្ឋដែលមានដីអាស្រ័យផលជុំវិញបឹងធម្មជាតិទាំងនោះ (ដីដែលស្ថិតក្នុងព្រំដែលបានកំណត់ជាដីផ្ទៃបឹង) នឹងត្រូវធ្វើកិច្ចសន្យាអាស្រ័យផលនៅលើផ្ទៃដីបឹងទាំងនោះ ប៉ុន្តែពុំអាចចុះបញ្ជីជាដីកម្មសិទ្ធិឯកជនបានឡើយ៕