(ភ្នំពេញ)៖ ស្ដ្រីម្នាក់ជាកម្មការិនីរោងចក្រ កើតជំងឺកូវីដ១៩ កំពុងសម្រាកនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសិរីមង្គល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្រាប់តែឈឺពោះឆ្លងទន្លេ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ តែមិនមានពេទ្យណាហ៊ានទទួលនោះទេ ចុងក្រោយត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសម្រាលបានដោយសុវត្ថិភាពទាំងម្ដាយ ទាំងកូន នៅទីនោះ។

ដើមចមនៃសាច់រឿងនេះ ត្រូវបានលោកស្រី ព្រិច ម៉ារី ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកជំងឺកូវីដ១៩ខាងលើ រៀបរាប់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា ប្អូនស្រីរបស់គាត់ ឈ្មោះ ព្រិច ផាន់ណា អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ SIX Plus នៅម្ដុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រោយមករោងចក្រមួយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ហើយប្អូនស្រីរបស់គាត់ដែលកំពុងមានទម្ងន់ជិតគ្រប់ខែ ក៏ជាប់ក្នុងចំណោមអ្នកដែលត្រូវធ្វើចត្តាឡីស័កដូចគ្នានេះដែរ ពោលមន្ដ្រីសុខាភិបាលបានបញ្ជូនប្អូនស្រីរបស់គាត់ ទៅធ្វើចត្ដាឡីស័ក នៅវិទ្យាល័យព្រែកអញ្ចាញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយពេលនោះលទ្ធផលតេស្ដ អវិជ្ជមានជំងឺកូវីដ។

ដោយមានការស្រុកកំណើតនៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលនោះ មន្ដ្រីសុខាភិបាល ក្រោយតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ២លើក បានបញ្ជូនគាត់ទៅបន្ដធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសិរីមង្គល ដោយស្នាក់នៅក្នុងបន្ទាប់មានគ្នា១១នាក់។

រហូតដល់ថ្ងៃទី២៣ ខែឧសភា ប្អូនស្រីរបស់គាត់ ស្រាប់តែឈឺពោះឆ្លងទន្លេ (គ្រប់ថ្ងៃធម្មតា) ហើយបានសួរនាំ និងឲ្យពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យសិរីមង្គល ជួយពិនិត្យ។ ពេលពិនិត្យនោះពេទ្យបានបញ្ជាក់ថា ស្បួនមិនទាន់បើកនោះទេ ត្រូវរង់ចាំសិន។

លុះដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ដោយគាត់កាន់តែឈឺពោះខ្លាំង ក្រុមគ្រូពេទ្យនៅមណ្ឌលចត្ដាឡីស័កបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប្រហែលមួយម៉ោងក្រោយមក ពេលបញ្ជូនទៅដល់ពេទ្យបង្អែកជ័យជម្នះ ប្អូនរបស់គាត់មិនទាន់សម្រាកកូននោះទេ។

ក្រោយមន្ទីរពេទ្យបង្អែកជ័យជម្នះ បានបញ្ជូនគាត់តាមរថយន្ដសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យគាំពារមាតា និងទារក (ពេទ្យជប៉ុន) ប៉ុន្ដែពេទ្យជប៉ុន មិនទាន់ទទួលគាត់ឲ្យចូលសម្រាកកូននោះទេ។ គ្រាកំពុងរង់ចាំការសម្រេចរបស់ពេទ្យ ស្រាប់តែប្អូនស្រីរបស់គាត់បែកទឹកភ្លោះនៅលើរថយន្ដសង្គ្រោះបន្ទាន់តែម្ដង។

ដោយភ័យព្រួយក្នុងស្ថានភាពនេះ គ្រាតែពេទ្យមិនទាន់ទទួលឲ្យចូលសម្រាក ម្ដាយមីងរបស់ស្ដ្រីឈ្មោះ ព្រិច ផាន់ណា ក៏បានទាក់ទងមកកាន់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ដើម្បីសុំជំនួយអន្ដរាគមន៍ ខណៈដែលគាត់កំពុងបារម្ភពីសុវត្ថិភាពរបស់ក្មួយ និងកូនក្នុងផ្ទៃ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានទាក់ទងទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីជួយអន្ដរាគមន៍។ ក្រោយទទួលបានព័ត៌មាន លោក ឃួង ស្រេង បានទាក់ទងទៅប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឲ្យជួយទទួលស្ដ្រីខាងលើ ដើម្បីសម្រាលកូន។

ក្រោយមានកិច្ចអន្ដរាគមន៍ រថយន្ដសង្គ្រោះបន្ទាន់ដែលកំពុងដឹកស្ដ្រីខាងលើ បានចេញពីមុខមន្ទីរពេទ្យជប៉ុន ឆ្ពោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ពេលទៅដល់ក្រុមគ្រូពេទ្យ ដែលស្លៀកពាក់ឈុតព្យាបាលអ្នកជំងឺកូវីដ បានបញ្ជូនគាត់ទៅកាន់បន្ទប់ដើម្បីសម្រាលកូនភ្លាមៗផងដែរ។ ប្រហែលមួយម៉ោងក្រោយមក ក្រោយមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ស្ដ្រីឈ្មោះ ព្រិច ផាន់ណា បានសម្រាកកូនដោយសុវត្ថិភាព ខណៈទារកដែលកើតមកជាកូនប្រុស និងមានទម្ងន់ជាង៣គីឡូក្រាម។

បើតាមលោកស្រី ព្រិច ម៉ារី ដែលជាបងស្រីបង្កើតរបស់ស្ដ្រីខាងលើ បានបញ្ជាក់ថា ក្រោយសម្រាលបានដោយសុវត្ថិភាពហើយនោះ ក្រុមគ្រូពេទ្យបានបញ្ជូនប្អូនស្រីរបស់គាត់ រួមទាំងទារកទើបកើត ទៅសម្រាកនៅបន្ទប់ដាច់ដោយឡែកផងដែរ។ ប៉ុន្ដែលោកស្រីមិនទាន់ដឹងថា ទារកទើបកើត វិជ្ជមាន ឬអវិជ្ជមានជំងឺកូវីដ១៩នោះទេ ដោយត្រូវរង់ចាំក្រុមគ្រូពេទ្យពិនិត្យសិន។

ជាមួយគ្នានេះ លោកស្រី ព្រិច ម៉ារី ជំនួសមុខឲ្យក្រុមគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៉ី ដែលបានអន្ដរាគមន៍ភ្លាមៗទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្អូនស្រីរបស់គាត់ រួមទាំងកូនក្នុងផ្ទៃ បើគ្មានកិច្ចអន្ដរាគមន៍ទេ ពេលនោះមិនដឹងប្អូនរបស់គាត់យ៉ាងមិចនោះទេ។ លោកស្រីបានបញ្ជាក់ទៀតថា ការអន្ដរាគមន៍នេះ គឺជាការសង្គ្រោះជីវិតរបស់ក្រុមគ្រួសារគាត់ផងដែរ៕