(ភ្នំពេញ)៖ កម្ពុជា-វៀតណាម នឹងដាក់ឲ្យដំណើរការច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនីង) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

ពិធីប្រកាសដាក់ឲ្យដំណើរការច្រកអន្តរជាតិថ្មីនេះ នឹងត្រូវរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង របស់កម្ពុជា សហការជាមួយរដ្ឋបាលខេត្តតៃនីង របស់វៀតណាម ដោយអនុវត្តវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។ នេះបើតាមលិខិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅកាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំគោលការណ៍អនុញ្ញាត ហើយក៏ទទួលបានការយល់ព្រម។

សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនីង)នេះ ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាពេលខាងមុខ នៅក្រោយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។

ច្រកអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងថា នឹងសម្រួលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមបង្កើនទំហំពាណិជ្ជកម្មរបៀបប្រទេសទាំងពីរផងដែរ៕