(ភ្នំពេញ)៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំបូល បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលឆក់ទូរស័ព្ទស្រ្តីម្នាក់បានសម្រេច ហើយរត់គេចខ្លួនបានរយៈពេល ២ថ្ងៃ។

ជនសង្ស័យទាំង២នាក់នោះ ទី១៖ ឈ្មោះ គង់ សម្បត្តិ ហៅ ខ្មៅ អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល, ទី២៖ឈ្មោះ ឡាង ផាន់ណា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

នគរបាលបានរកឃើញសារធាតុញៀន នៅក្នុងទឹកនោមរបស់ជនសង្ស័យទាំង២នាក់ ហើយពួកគេឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិកំរៀង សង្កាត់កន្ទោក និងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

នគរបាលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦៖៤៥នាទីយប់ ស្រ្តីរងគ្រោះឈ្មោះ លន់ ស៊ីវឡាង អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។ បានជិះម៉ូតូ១គ្រឿងជាមួយគូដណ្ដឹងតាមផ្លូវជាតិលេខ៤ ចេញពីផ្សារជម្ពូវ័ន ឆ្ពោះទៅផ្ទះដោយទុកទូរស័ព្ទដៃម៉ាកអាយហ្វូនសេវិនផ្លឹសក្នុងហោប៉ៅខោ។

លុះពេលទៅដល់ត្រង់ចំណុចមុខភូមិជិតដល់ផ្ទះទៅហើយ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ទឹកមាសតាមពីក្រោយ រួចធ្វើសកម្មភាពឆក់បានសម្រេចហើយជិះម៉ូតូគេចខ្លួន។

ពេលនោះ ជនរងគ្រោះបានស្រែកថាចោៗ ហើយគូដណ្ដឹងរបស់នាង បានជិះម៉ូតូដេញតាមដែរ តែតាមមិនទាន់ឡើយ ក៏បានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយស្រាវជ្រាវ ហើយរហូតដល់ថ្ងៃទី២៤-២៥ ខែឧសភា ទើបចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ព្រមទាំងដកហូតយកទូរស័ព្ទដៃ ប្រគល់ជូនជនរងគ្រោះវិញ ហើយចំណែកជនសង្ស័យត្រូវបាននាំទៅសាកសួរ និងចាត់ការតាមច្បាប់៕