(ភ្នំពេញ)៖ តាមរយៈសុន្ទរកថារបស់លោក ផាក ហ៊ឺងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូង ថ្លែងទៅកាន់កិច្ចប្រជុំកំពូល P4G (Partnering for Green Growth and the Global Goals 2030) លើកទី២ ដែលនឹងរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២១ ខាងមុននេះ លោកបានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានផ្តល់ជូននូវមូលដ្ឋានធនធានធម្មជាតិដ៏សម្បូរបែប នេះគឺជាគន្លឹះសម្រាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន។

ជាមួយនឹងសន្ទរកថានេះ លោក ផាក ហ៊ឺងខ្យង់ បានឱ្យដឹងថា លោកប្រធានាធិបតី មូន ចេអ៊ីន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋប្រមាណ៦០នាក់ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានា នឹងចូល រួមនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវមូលដ្ឋានធនធានធម្មជាតិដ៏សំបូរបែប។ នេះគឺជាគន្លឹះសម្រាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន។ ប៉ុន្តែវាត្រូវបានគំរាមកំហែងដោយបម្រែបម្រួលលក្ខខណ្ឌអាកាសធាតុ។ ដោយឡែក បម្រែបម្រួលលក្ខខណ្ឌអាកាសធាតុ បង្កការគំរាមកំហែងជាបន្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទន្លេមេគង្គ និងអាងទន្លេសាប»

ជាមួយគ្នានេះដែរ លោក ផាក ហ៊ឺងខ្យង់ បានបន្តថា៖ «អាងទាំងនេះត្រូវបានកំណត់ដោយ ធារាសាស្ត្រសន្ទុះទឹកជំនន់ ដែលមានបម្រែបម្រួលដ៏សំខាន់នៃកម្រិតទឹកនាចន្លោះរដូវវស្សា និងរដូវប្រាំង។ ប្រព័ន្ធសន្ទុះទឹកជំនន់ធ្វើអោយមានព្រៃលិចទឹក វាលស្មៅ និងដីសើម ក៏ដូចជាជលផលទឹកសាបដ៏សម្បុរបែប និងមានផលិតភាពបំផុតរបស់ពិភពលោក។ វាក៏មានការផ្គត់ផ្គង់ដ៏ទូលំទូលាយ នូវធនធានទឹកសាបរបស់ប្រទេសសម្រាប់វិស័យកសិកម្មផងដែរ។ កសិកម្ម និងជលផលដែលមានចំនួន ២៧ភាគរយ និង១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនីមួយៗ គឺជាគន្លឹះនៃសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងការចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា»។

លោកថាភពផែនដី និងប្រជាជននៅលើផែនដី កំពុងតែទទួលរងនូវបម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ជាការពិតបម្រែបម្រួលអាកាសធាតុនេះ ត្រូវបានកើតឡើងជាចម្បងដោយសកម្មភាពរបស់មនុស្ស។ យោងទៅតាម របាយការណ៍របស់អង្គការឧតុនិយមពិភពលោកស្តីពី បម្រែបម្រួលអាកាសធាតុឆ្នាំ២០២០ សីតុណ្ហភាពមធ្យមសកល ត្រូវបានកើនឡើង ១,២អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនសម័យឧស្សាហូបនីយកម្ម (ជាមូលដ្ឋានចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០)។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ថា «ឆ្នាំ២០២០ ទំនងជាឆ្នាំមួយ ក្នុងចំណោមឆ្នាំក្តៅបំផុតទាំងបីលើកំណត់ត្រាពិភពលោក ហើយកាលពី៦ឆ្នាំមុន ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ទំនងជា៦ឆ្នាំ ដ៏ក្តៅបំផុតលើកំណត់ត្រាពិភពលោក។ នាំឆ្នាំ២០១៩ កំហាប់កាបូនឌីអុកស៊ីត បានឈានដល់កំរិតខ្ពស់ថ្មីជាង ៤១០ផ្នែក ក្នុងមួយលាន (ppm) ពីកម្រិត២៧០ ដល់ ២៨០ppm ក្នុងយុគសម័យមុនសឧស្សាហូបនីយកម្ម ទោះបីមានការកើនឡើងបន្តិចក្នុងអត្រាកំណើនប្រចាំឆ្នាំនៃកំហាប់កាបូនឌីអុកស៊ីត ក្នុងបរិយាកាសទាក់ទងនឹងវិធានការណ៍ដែលបានអនុវត្ត ជាការឆ្លើយតបនឹងរោគរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០»

លោកបានបញ្ជាក់បន្ថែមថា ផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅចំពេលមានបម្រែបម្រួលអាកាសធាតុពិភពលោក នាខែតុលា និងខែវិច្ឆិកាឆ្នាំមុន។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភាគកណ្តាលនៃប្រទេសវៀតណាម ដែលភ្លៀងធ្លាក់ខ្លាំងនៃខ្យល់មូសុងទិសឥសាន្ត ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបន្តមានឡើងនៃខ្យល់ព្យុះស៊ីក្លូនត្រូពិក។ ទឹកជំនន់នេះ ក៏បានរាលដាលបន្ថែមទៀត នៅភាគខាងលិចនៃប្រទេសកម្ពុជា។ លើសពីនេះទៀត គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ បានជះឥទ្ធិពលដល់ផ្នែកជាច្រើន នៃអាមេរិកខាងត្បូង និងមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងសហរដ្ឋអាមេរិកខាងលិច និងអូស្ត្រាលីខាងកើតក្នុងឆ្នាំ២០២០។

ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុ សាធារណរដ្ឋកូរ៉េ បានប្រកាសនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចគោលដៅនៃអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។

យោងទៅតាម សេចក្តីប្រកាសកាលពីឆ្នាំមុន របស់ដំណោះស្រាយសភា ដែលបានដាក់ចេញផែនការដ៏ធំមួយសម្រាប់ការដោះស្រាយបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលកូរ៉េមានគំរោងវិនិយោគ ៦២ពាន់លានដុល្លារ ក្នុងគម្រោងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺកូវីដ១៩។ ផែនការមួយចំនួនរួមមាន ការបំលែងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកាបូនភាគច្រើននៅក្នុងប្រទេស ឱ្យទៅជាប្រព័ន្ធកាបូនទាប និងការជំរុញការប្រើប្រាស់ប្រភពថាមពលមិនមែនផូស៊ីល ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលវារីអគ្គិសនី។

លោកបានបន្ថែមទៀតថា នៅក្នុងបរិបទនេះ សាធារណរដ្ឋកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទីពីរ តាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំនេះ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រកបដោយពណ៌បៃតង ឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន»

P4G ដែលតំណាងឱ្យដៃគូ ដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ ទាំងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាធាតុដ៏សំខាន់ក្នុងការឆ្លើយតបជាសកលចំពោះបម្រែបម្រួលអាកាសធាតុ។

កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល នឹងបង្កើតសន្ទុះថ្មី សម្រាប់ការពិភាក្សាលើបញ្ហាសំខាន់ៗ ខណៈប្រទេសនានា ត្រៀមរៀបចំ សន្និសីទស្តីពី ការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៃភាគីនានាលើកទី២៦ (COP26) ដែលនឹងត្រូវបានធ្វើឡើងនៅទីក្រុងក្លាសហ្គោ (Glasgow) ប្រទេសអង់គ្លេស នាខែវិច្ឆិកា ឆ្នាំនេះ។

លោក Park Heung-kyeong បានគូសបញ្ជាក់បន្ថែមទៀតថា៖ «យើងជឿជាក់ថា កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល ដែលចូលរួមទាំងវិស័យសាធារណៈ និងឯកជនក្នុងការវិនិយោគលើដំណោះស្រាយផ្លាស់ប្តូរ នឹងផ្តល់នូវវេទិកាពិភពលោកដ៏សំខាន់ សម្រាប់តួអង្គសំខាន់ៗទាំងអស់ ដើម្បីជួយសម្រួលដល់សកម្មភាពរួម ដែលត្រូវការដើម្បីដោះស្រាយនូវបម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ»

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំកំពូលនេះតាមរយៈប្រព័ន្ធវីដេអូ។ កម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការស្តារភាពបៃតងឡើងវិញដោយការជំរុញឱ្យមានការដាំដើមឈើស្តារគម្របព្រៃឈើដែលបាត់បង់ ឬរិចរិល ការដាំដើមឈើនៅតាមទីក្រុងបង្កើតភាពបៃតង ការការពារការបំពុលបរិស្ថានគ្រប់ទម្រង់ និងការកែប្រែឥរិយាបថពលរដ្ឋលើបញ្ហាបរិស្ថាន ជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ឱ្យបានច្រើន និងការអភិរក្សជីវៈចម្រុះ។

លោក នេត្រ ភក្ត្រា បានបន្តថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមលើការស្តារភាពបៃតង និងការអភិរក្សធនធានធម្មជាតិដែលជាផ្នែកមួយនៃការទ្រទ្រង់លើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលកម្ពុជា និងពិភពលោកបាននិងកំពុងទទួលរងគ្រោះ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីដែលងាយទទួលរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ខណៈដែលសមត្ថភាពស្ថាប័នក្នុងការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅមានកម្រិតនៅឡើយ។ នេះជាហានិភ័យមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ល្បឿននៃការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ប្រសិនបើយើងមិនបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយរួមគ្នា។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាអាទិភាពសំខាន់មួយដោយបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣)។

ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវមានលក្ខណៈប្រទាក់ក្រឡា និងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងចំណោមស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។ ជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនភាពប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានគិតគូរកែលម្អគោលនយោយបាយជាតិស្តីពីថាមពល ជាពិសេសការធ្វើពិពិធកម្មទៅរកថាមពលកកើតឡើងវិញ ពោលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា» និង «ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា (DREI)» ត្រូវបានផ្សព្វផ្សាយកាលពីឆ្នាំ២០១៩។

របាយការណ៍ទាំងពីរនេះ មានទំនាក់ទំនងជាមួយនឹងគោលដៅរួមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ស្ដីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា បានរកឃើញថា ត្រឹមឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុនឹងនាំឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) នៅកម្ពុជាថយចុះ ៩,៨% ដោយសារការថយចុះផលិតភាពរបស់កម្មករនិយោជិត ព្រោះតែកំណើនសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ទិន្នផល កសិកម្មជាដើម។ ជាការឆ្លើយតប របាយការណ៍នេះបានដាក់ជូននូវអនុសាសន៍គោលនយោបាយ សម្រាប់គាំទ្រវិនិយោគលើការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា រហូតដល់ ២ ភាគ៣។

ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ DREI បានបង្ហាញពីបណ្តាវិធានការដែលមានប្រសិទ្ធភាពចំណាយសម្រាប់ជំរុញឱកាសវិនិយោគ ក្នុងអនុវិស័យថាមពលពន្លឺព្រះអាទិត្យទាំង៤ ទី១៖ ថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ទី២៖ ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅលើដំបូល ទី៣៖ ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យ និងអាគុយ និង៤៖ ប្រព័ន្ធពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ។

របាយការណ៍នេះ ក៏បានរកឃើញផងដែរថា ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រឹមតែជាង ៧០០MW អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកប្រមាណ ៨,៧ លានតោនដោយផ្ទាល់ត្រឹមឆ្នាំ២០៤៥៕