(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់នេះ ឈ្មោះ ជឿន កាឡាក់ទី ភេទប្រុស អាយុ១៩ឆ្នាំ ជាប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ នៅភូមិកាហប់ឃុំទឹកផុស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បុរសឈ្មោះ ជឿន កាឡាស់ទី គឺជាកម្មករសំណង់ ធ្លាប់ធ្វើការងារសំណង់នៅម្តុំមុខផ្សារដើមស្កូវ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៧ ខែឧសភាម្សិលមិញបុគ្គលរូបនេះ បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្ត១គ្រឿងម៉ាកតូយ៉ូតា ពាក់ស្លាក លេខភ្នំពេញ 2AH-1517 គោលដៅឆ្ពោះមកខេត្តរតនគិរី ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគ ដោយប្រើតេស្តរហ័ស។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធត្រូវបញ្ជូន ទៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕