(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល ២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈ
នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណ៏វិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាព នៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល ២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវ សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លេខ០១១/២១ស.ណ.ន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ក្នុងនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន ៖

*ទី១៖ សកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារ ទំនើប ម៉ាត់ ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានា ដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ០៣៖០០នាទីព្រឹកជាកំហិត។

*ទី២៖ ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។

និងទី៣៖ ការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្តសប្បាយនានានៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន រួមនឹងការជួបជុំបែបសាសនា ឬការថ្វាយបង្គំ។

អភិបាលខេត្តកំពង់ចាម បន្ថែមពីវិធានការរដ្ឋបាលខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំស្តង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លេខ០១០/២១ ស.ណ.ន ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរកម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖