(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៨ ខែឧសភា នេះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ដែលជាពលរដ្ឋរស់នៅស្រុកក្រឡាញ់ និងក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានខាងលើរួមមាន៖
១៖ ឈ្មោះ ពិន ស៊ា ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិរុន ឃុំជន្លាសដៃ ស្រុកក្រឡាញ់ មកពីក្រុងបាំងកក ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

២៖ ឈ្មោះ ប្រាក់ ស្រីកា ភេទស្រី អាយុ១២ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប។

៣៖ ឈ្មោះ កៅ វាសនា ភេទប្រុស អាយុ១១ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។

របាយការណ៍ដដែលបានបញ្ជាក់ថា ករណីទី១ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាស័យសម្ដេចឪ ពេលដែលបានមកដល់ខេត្តសៀមរាបភ្លាម។ ដោយឡែក ករណីទី២ និងទី៣ ត្រូវជាក្មួយរបស់ឈ្មោះ កៅ ពិភព ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គិតត្រឹមយប់ថ្ងៃទី២៨ ខែឧសភានេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១០នាក់ បានព្យាបាលជាសះស្បើយចំនួន៥៩នាក់ ស្លាប់២នាក់ និង៤៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕