(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម ដែលជាម្តាយបង្កើត។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក គង់ វិបុល, លោកទេសរដ្ឋមន្ត្រី គន់ គីម សម្តែងនូវការ សោកស្ដាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម។

លោក គន់ គីម បានចាត់ទុកមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម គឺជាការបាត់បង់នូវម្តាយ និងជីដូន ដែលជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដោយបានខិតខំពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្តល់ដំបូន្មានធ្វើឱ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជា ថ្នាក់ដឹកនាំដ៏ឆ្នើម ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ ការបាត់បង់ ឧបាសិកា នង តាំងអ៉ីម ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គម្រូម្នាក់ ដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋា រចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់សាធារណជនទូទៅ និងសង្គមជាតិផងដែរ៕