(កណ្តាល)៖ លោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខា តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចុះចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកស្រី ខុន លក្ខិណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។

លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខ ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា អំណោយដែលសាខាបានផ្ដល់ជូនក្នុង ១គ្រួសារមាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត ១កញ្ចប់, ប្រេងឆា១ដប, ម៉ាស់ ១០បន្ទះ, អាល់កុល១ដប អាវយឺត៥ កៅស៊ូតង់១ និងថវិកា៥០ម៉ឺនរៀល៕