(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនបន្ទាប់ពីពួកគេឆក់កាបូបស្ពាយពីស្ត្រីម្នាក់ មិនបានសម្រេចកាលពីវេលាម៉ោង ១៩៖៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជាង ហុកសែ ឣធិការរងខណ្ឌដង្កោ ទទួលផ្នែកនគរបាលយុត្តិធម៌ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អោ សុខន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ឆុន ស៊ីថាត ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកអធិការរងបានបន្តថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឆាលី ចេញពីកន្លែងលក់ផ្លែឈើ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ត្រឡប់មកផ្ទះ ស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបានស្ពាយកាបូបពណ៌ខ្មៅ ពីខាងមុខពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ស្របទិសគ្នាជាមួយជនរងគ្រោះពីលិចទៅកើត ខណៈនោះជនសង្ស័យ បានឆក់យកកាបូប ស្ពាយរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះទាញកន្ត្រាក់យកមកវិញ បណ្តាលឱ្យដួលម៉ូតូទាំង ២គ្រឿង រួចជនរងគ្រោះក៏បានស្រែកឆោឡោថាចោរៗ ហើយជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូ។

ពេលនោះ ក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបេតុង ៣០ម៉ែត្រនោះស្រាប់ បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះ អោ សុខុន និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕