(ភ្នំពេញ)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Ruth Sherman បានព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាមទៅជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិចារណា។
ជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានរយៈពេលប្រមាណជាពីរម៉ោង នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានពិភាក្សាច្រើនលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ហើយក៏បានជជែករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្គ្រាមផងដែរ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យរដ្ឋាភិបាលអាមេរិកពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងរបប លន់ ណុល ជិត ៧០០លានដុល្លារ (ទាំងការ និងដើម)។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចតេជោ បានស្នើយន្តការដោះស្រាយលើបំណុលនេះចំនួន៣លក្ខខណ្ឌ រួមមាន៖ ១៖ អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ, ២៖ សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និងទី៣៖ បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា តបតាមសំណើនេះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាយកសំណើទៅជូនលោក ចូ បៃដិន ពិនិត្យ និងដោះស្រាយ។
រដ្ឋាភិបាលសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លារ ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត ៧០០លានដុល្លារហើយ។ បំណុលរបបសាធារណរដ្ឋនាពេលនោះ ភាគច្រើនយកមកបម្រើលើវិស័យយោធា និងការធ្វើសង្គ្រាម។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចាត់ទុកបំណុលនេះ ជាបំណុលកខ្វក់ ប្រៀបដូចជាការយកញញរមកដំលើក្បាលប្រជាពលរដ្ឋកម្ពុជា ព្រោះថវិកាបម្រើឱ្យវិស័យយោធានាពេលនោះ បាននាំដល់ភ្លើងសង្គ្រាម និងបង្កទុកវេទនាជាខ្លាំងសម្រាប់ពលរដ្ឋកម្ពុជា។
សូមជម្រាបថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហាញពីការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា, កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម, សកម្មភាពមនុស្សធម៌ ដូចជាការឱ្យនាវាវេស្ទើដាមចូលចត។
លោកស្រីអនុរដ្ឋមន្ត្រីការបរទេស ក៏បានលើកឡើងពីឱកាសក្នុងការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យប្រេង និងឱស្ម័ន, ការវិនិយោគលើបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ, ថាមពលបៃតង និងបញ្ហាដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលលោកស្រីអនុរដ្ឋមន្ត្រីការបរទេសបានលើកឡើង។ សម្តេចតេជោ ក៏បានអរគុណអាមេរិក ដែលបានជួយរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយអភិវឌ្ឍទាំងផ្ទាល់ និងប្រយោល។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរសហរដ្ឋអាមេរិក ដែលទទួលបានលទ្ធផលល្អប្រសើរលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕