(ភ្នំពេញ)៖ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ទាំងអស់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។

ក្នុងវេលាដ៏សែនសង្វេគនេះ ឯកឧត្ដម លឹម គានហោ «សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ជាគឺជាបាត់បង់នូវស្វាមី ប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»

សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។

បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕