(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំនិវាសនដ្ឋានបេសកកម្មប្រចាំនៅកម្ពុជា បានប្តេជ្ញាធ្វើកិច្ចការរួមគ្នាបន្តទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរលើគំរោងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យទទួលបាននូវផលប្រយោជន៍ទាំងការអភិវឌ្ឍ និងការអភិរក្ស។

ការប្តេជ្ញាចិត្តបែបនេះ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និង ABD បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ជនជាតិដើមភាគតិច (Indigenous People) នៅកម្ពុជា ស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា «ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច គឺសំដៅទៅលើការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅទាំង១៥ខេត្ត ក្នុងប្រទេសកម្ពុជា... ពោលគឺមិនសំដៅទៅលើការអភិវឌ្ឍន៍ជនជាតិដើមភាគតិចម្នាក់ៗ ឬមួយគ្រួសារនោះទេ។

លោកបណ្ឌិតសភាចារ្យ បានឱ្យដឹងថា កន្លងមកកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល ក៏ដូចជាគម្រោងនានា ដែលទទួលបានមកពីដៃគូរអភិវឌ្ឍន៍ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដូចជា កសាងផ្លូវជនបទ បន្ទប់ទឹក បង្គន់អនាម័យ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាពជាដើម គឺផ្តល់ជូននូវការអភិវឌ្ឍន៍ដូចៗគ្នាដល់តំបន់ភូមិ របស់ជនជាតិដើមភាគតិច ដោយមិនប្រកាន់រើសអើងឡើយ»

ក្នុងកិច្ចប្រជុំពិភាក្សារនេះ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកការអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានស្នើសុំឲ្យ ADB ជួយពន្លឿនសកម្មភាពចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចនៅកម្ពុជា ដែលនៅសល់ចំនួន ៣០០ភូមិនោះ ឱ្យចប់ជាស្ថាពរ ដើម្បីផ្តល់ប្រយោជន៍ឱ្យជនជាតិដើមភាគតិច ឈានទៅដល់ការចុះបញ្ជីបង្កើតសហគមន៍ជនជាតិ របស់ពួកគាត់ស្របច្បាប់ និងទទួលបានការចុះបញ្ជីដីធ្លីជាសហកម្មសិទ្ធិរក្សាបាន និងអភិរក្សបាននូវវប្បធម៌ ប្រពៃណី ទំនាមទំលាប់ ភាសា និងដីកម្មសិទ្ធិសហគមន៍ ព្រមទាំងកសាងភូមិវប្បធម៌ ផ្សារប្រពៃណី បង្កើតទិវាពិពណ៌ប្រពៃណីជនជាតិដើម និងអត្ថប្រយោជន៍ផ្សេងទៀត។

លោកស្រី Sunniya Durrani-Jamal បានសម្ដែងការគាំទ្រយ៉ាងខ្លាំងលើគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងនីតិវិធីយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាកិច្ចការងារ និងសមិទ្ធផលកន្លងមកដែលមានចំពោះជនជាតិដើមភាគតិច៕