(ពោធិ៍សាត់)៖ មានករណីសង្ស័យពុលស្រា.សមួយករណីទៀតហើយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សចំនួន៧នាក់ បានស្លាប់ជាបន្ដបន្ទាប់ រហូតមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈមនុស្សជាង៣០នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ករណីពុលស្រា.សនេះផ្ដើមចេញពីការជួបជុំគ្នាផឹកស្រា ក្នុងពិធីបុណ្យសពមួយកាលពីប៉ុន្មានថ្ងៃមុននេះ បណ្ដាលឲ្យស្លាប់ជាបន្ដបន្ទាប់។ មនុស្សទាំង៧នាក់ដែលស្លាប់ ក្នុងហេតុការណ៍ពុលស្រា.សនេះ គឺជាមនុស្សស្រីទាំងអស់។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បច្ចុប្បន្នអ្នកបិទស្រា.សម្នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់។ ដោយឡែក ដកហូតវត្ថុតាងស្រា.ស ត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានករណីពុលស្រា.ស២លើកហើយ ដែលបានកើតឡើង និងបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ជាបន្ដបន្ទាប់ ក្នុងនោះនៅស្រុកល្វាឯម ខេត្តកណ្ដាល និងស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងនោះពាក់ព័ន្ធជាម្ចាស់អាជីវកម្មបិទស្រានេះ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការផងដែរ៕