(កំពង់ចាម)៖ ស្ដ្រីម្នាក់រស់នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាពនៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ស្រ្តីឈ្មោះ ស៊ឹម ឈីម អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយសារបានប៉ះពាល់ដោយផ្ទាល់នឹងកូនស្រី (វិជ្ជមានកូវីដ-១៩) ជាកម្មការិនីរោងចក្រខាលីនតុន។

ស្ត្រីរូបនេះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺរីកបេះដូង។ ដោយការវិវត្ត នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឲ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១
វេលាម៉ោង០៧៖០០នាទីយប់។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីឈ្មោះ ស៊ឹម ឈីម បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺរីកបេះដូង។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយ ជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕