(ពោធិ៍សាត់)៖ មានករណីរន្ទះបាញ់ស្លាប់មនុស្ស០២នាក់ នៅនឹងកន្លែង និង០២នាក់ទៀត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

ករណីគ្រោះថ្នាក់ធម្មជាតិនេះ បានកើតឡើងនាវេលាម៉ោង ០៤៖០០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា ករណីរន្ទះបាញ់ខាងលើ បណ្តាលឱ្យរងរបួស និងស្លាប់មនុស្ស ចំនួន០៤នាក់ រួមមាន៖

* ទី១៖ ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)
* ទី២៖ ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)
* ទី៣៖ ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រងរបួសស្រាល)
* ទី៤៖ ឈ្មោះ ប៉ាន កាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រងរបួសស្រាល)។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង០៤នាក់ បាននាំគ្នាធ្វើរោងចាំស្រែ នៅចំណុចខាងលើ ស្របពេលគ្នានោះ មានមេឃស្រទំ ធ្លាក់ភ្លៀងរលឹមស្រិចៗ មានផ្គរ និងរន្ទះបាញ់ចំជនរងគ្រោះទាំង០៤នាក់នោះ បណ្តាលឱ្យស្លាប់មនុស្ស០២នាក់ នៅនឹងកន្លែង និងរងរបួស០២នាក់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី៕