(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក តំណាងរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករកម្ពុជាពាក់ព័ន្ធ បានទទួលឧបករណ៍និងសម្ភារបរិក្ខារអនាម័យសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩(Covid19) ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី (Australian Aid) ដើម្បីបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្មព្រំដែន។

តបតាមការស្នើសុំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះជាគម្រោងលើកទី២ ដែល UNDP និង Australian Aid បានសម្រេចផ្តល់ឧបករណ៍និងសម្ភារបរិក្ខារអនាម័យបន្ថែមទៀតជូន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមមាន ១).ឧបករណ៍វាស់កម្ដៅ ចំនួន ១០ គ្រឿង ២). ដែលអាល់កុលលាងដៃ 500ml ចំនួន ៣១២ដប ៣). ស្រាមដៃប្លាស្ទិក ចំនួន ១០,០០០គូ ៤). ម៉ាស់ KN95 ២៥,០០០ បន្ទះ និង ៥). ឧបករណ៍បាញ់អាល់កុលស្វ័យប្រវត្តិចំនួន១៥គ្រឿង។

ឧបករណ៍ និងសម្ភារបរិក្ខារអនាម័យទាំងនេះ នឹងធ្វើការបែងចែកឱ្យទៅការិយាល័យគយ និងរដ្ឋាករកម្ពុជា ចំនួន០៤ រួមមាន៖ ការិយាល័យគយនិងរដ្ឋាករដូង, ការិយាល័យគយ និងរដ្ឋាករព្រំ, ការិយាល័យគយ និងរដ្ឋាករភ្នំដី និងការិយាល័យគយ និងរដ្ឋាករចាំយាម ។

ការប្រគល់-ទទួលឧបករណ៍សម្ភារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង UNDP និង Australian Aid ដើម្បីជំរុញ និងធានាការបន្តបើកព្រំដែនសម្រាប់សម្រួលរំហូរសកម្មភាពពាណិជ្ជកម្មឆ្លងដែនលើការនាំចេញ និងការនាំចូលជាប្រក្រតី និងដើម្បីចូលរួមទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ និង ២ចូលរួម» របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕