(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមដាក់កម្រងផ្កា រំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត និងគោរពវិញ្ញាណក្ខន្ធសព លោក ទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំដោយរោគាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ លោកទេសរដ្ឋមន្ត្រី ។

ព្រមទាំងបានប្រគល់ជូនក្រុមគ្រួសារសពនូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាព របស់ ទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក មិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏ថ្លៃថ្លា ទឹកចិត្ត សណ្តោ សប្រណី និងជាញាតិមិត្ត ម្នាក់ ជាទី ស្រឡាញ់រាប់អានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប អតីតជារដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលពេញមួយជីវិត របស់លោកទេសរដ្ឋមន្ត្រី បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ពោរពេញដោយឆន្ទៈ មនសិការ ដ៏ខ្ពង់ខ្ពស់ បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ»

កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធ លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕