(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារ A នៃក្រុមហ៊ុនដាតាន់អ៉ិនដាសស្ម្រៀល ឯ.ក ស្ថិតក្នុងភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អគារ A នៃក្រុមហ៊ុននេះ ត្រូវផ្អាករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

ការផ្អាកនេះដើម្បីឲ្យក្រុមការងារបច្ចេកទេសចម្រុះ ក្នុងការបិទខ្ទប់អាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាម ចុះសិក្សាស្រាវជ្រាវវាយតម្លៃ អំពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩៕