(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា ការជំរុញទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងរបងការពារធនធានធម្មជាតិ ផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ប្រជាពលរដ្ឋមួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វរបស់ពលរដ្ឋមួយចំនួន។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារ និងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតា ក្នុងមួយគម្រោង) ចំនួន១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានដូចជានៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែប ដែនជម្រកសត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញកណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោបជាដើម។ ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍។

ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាព និងព្រៃឈើ និងសត្វព្រៃជាដើម។ គម្រោងមួយចំនួនបាននឹងកំពុងដំណើរការ និងមួយចំនួនទៀត បាននឹងកំពុងរៀបចំនីតិវិធីនៃការធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើតតំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន២៦ បាននឹងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។

«ការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ គឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗបន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្ត ស្វែងយល់ពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ទេសចរណ៍ធម្មជាតិក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ»។ នេះជាបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមទៀតថា «ការជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺដើម្បីជំរុញការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហ គមន៍មូលដ្ឋាន។ សហគមន៍ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ»។

ទន្ទឹមនឹងដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិចំនួន ៦៤៣,០០០នាក់។ ថវិកាយ៉ាងហោចណាស់ជាង ៣០លានដុល្លារ ត្រូវបានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋានកាលពីឆ្នាំ២០២០ តាមរយៈទេសចរណ៍ធម្មជាតិ។ តាមរបាយការណ៍ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ម៉ឺនដុល្លារ ក្នុងមួយសហគមន៍ក្នុងឆ្នាំ។

លោកបានបន្តថា ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃព្រឹក្សា។ ពីមុនពេលដែលគេនិយាយពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ ពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារ ភ្នំត្បែងជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជួយយូរអីវ៉ាន់ ភ្ញៀវទេសចរឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ពលរដ្ឋពីទេសចរណ៍ធម្មជាតិ៕