(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមអនុវត្តវិធានការក្តៅនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត ដើម្បីតាមដានរថយន្តចូលថ្លឹង ឬមិនចូល។ វិធានការថ្មីនេះ គឺក្រសួងបានបង្កប់ជញ្ជីងនៅក្រោមដីមុខស្ថានីយថ្លឹង ហើយបំពាក់កាមេរា ដែលអាចថតចាប់បញ្ជូនរាល់សកម្មភាព និងទិន្នន័យរបស់រថយន្តឆ្លងកាត់។

អំពើពុករលួយ ការឃុបឃិត ការអនុវត្តមិនតម្លាភាពរបស់មន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹង ជាមួយអ្នកដឹកជញ្ជូនទំនិញ គឺជាដំបៅមហារីកមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែរងការនិន្ទាពីប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។ កន្លងទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានដក និងផ្លាស់ប្តូរមន្ត្រីស្ថានីយមួយចំនួនផងដែរ ក្នុងបំណងក្រើនរំលឹកពួកគេពង្រឹងស្មារតីអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្តឱ្យបានត្រឹមត្រូវ និងតម្លាភាព។

ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវឆាប់ខូច។ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបោះមួយជំហានទៀត ដើម្បីរឹតបន្តឹងការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត និងទប់ស្កាត់រថយន្តដឹកជញ្ជូនទំនិញមិនចូលថ្លឹងទម្ងន់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលនេះលោកបានសម្រេចដាក់ចេញវិធានការថ្មីមួយទៀត ដើម្បីតាមដានការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត ដោយបានដាក់បង្កប់ជញ្ជីងក្រោមដីមុនចូលដល់ស្ថានីយថ្លឹង ហើយបំពាក់កាមេរាជាច្រើនគ្រឿង ដើម្បីចាប់សកម្មភាពរថយន្តទាំងនោះ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំណែនាំមន្ត្រីឱ្យហើយណា អត់លេងសើចទេណារឿងនេះ។ ធ្វើការនៅជញ្ជីងធ្វើឱ្យបានម៉ត់ចត់ យើងខ្ញុំមានប្រព័ន្ធតាមដានច្បាស់ណាស់ ប្រព័ន្ធកាមេរា ស្មាតកាមេរា (កាមេរាឆ្លាតវៃ) ឃើញទាំងអស់ម៉ោងប៉ុន្មានឡានចេញ ឡានចូល ល្បឿនប៉ុន្មានក៏ខ្ញុំដឹងដែរ ទម្ងន់ប៉ុន្មានក៏ដឹងដែរ»។

លោកបន្ថែមថា «យើងខ្ញុំមានវិធានការច្រើនណាស់ យកបច្ចេកវិទ្យាទំនើបៗមកប្រើ ដើម្បីទប់ស្កាត់មន្ត្រីខិលខូចមួយចំនួនតូច»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា ពេលនេះក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងនូវវិធានការនេះនៅស្ថានីយថ្លឹងរថយន្តព្រែកឯង។ បើតាមលោកទេសរដ្ឋមន្ត្រី នៅមុនពេលប្រើវិធានការនេះ នៅស្ថានីយថ្លឹងរថយន្តព្រែកឯង មន្ត្រីរាយការណ៍មកលោកមានរថយន្តថ្លឹងត្រឹមជាង ២០០គ្រឿងប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែក្រោយពេលដាក់មានរថយន្តចូលថ្លឹងរហូតដល់ទៅជាង ១០០គ្រឿងក្នុងមួយថ្ងៃ។

លោក ស៊ុន ចាន់ថុល បានអះអាងថា វិធានការនេះ នឹងត្រូវអនុវត្តនៅគ្រប់ស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ថា ប្រព័ន្ធថ្មីដែលក្រសួងរៀបចំឡើង គឺគ្រប់គ្រងបានខ្ពស់លើការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត និងសកម្មភាពរថយន្តដឹកជញ្ជូនឆ្លងកាត់ស្ថានីយថ្លឹង។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ប្រព័ន្ធនេះ អាចចាប់បាននូវព័ត៌មានរថយន្តចេញចូល ទម្ងន់ដឹកជញ្ជូន ការចុះបញ្ជិការរថយន្ត ព័ត៌មានឆៀក និងព័ត៌មានផ្សេងៗទៀត។

លោក សុទ្ធាយុត្តិ បានបញ្ជាក់ថា «អ្វីដែលយើងធ្វើនេះ បើយើងនិយាយពីកម្រិតនៃការគ្រប់គ្រង គឺខ្ពស់ ព្រោះវាដឹងអំពីព័ត៌មានរបស់យានយន្ត។ យានយន្តហ្នឹងមានចុះបញ្ជិកាត្រឹមត្រូវទេ ម្ចាស់ឈ្មោះអី លេខទូរស័ព្ទ អាសយដ្ឋាន ឆៀក និងព័ត៌មានពាក់ព័ន្ធ គឺប្រព័ន្ធចាប់យកទាំងអស់»។

លោក ហ៊ាង សុទ្ធាយុត្តិ បានគូសបញ្ជាក់ផងដែរថា វិធានការថ្មីដែលក្រសួងដាក់ចេញនេះ គឺក្នុងបំណងពង្រឹងប្រសិទ្ធភាពការងារនៅតាមស្ថានីយថ្លឹង និងដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលនាំឱ្យផ្លូវឆាប់ខូច។ បន្ថែមពីលើនោះ វិធានការក៏ជាការដាស់ស្មារតីឱ្យអ្នកដឹកជញ្ជូនភ្ញាក់រលឹកចូលរួមអនុវត្តច្បាប់ដឹកជញ្ជូនផងដែរ។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តវិធានការតឹងរឹងចំពោះការដឹកជញ្ជូនលើសទម្ងន់កំណត់។ ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ក្រៅតែពីការផាកពិន័យតាមច្បាប់ហើយនោះ សម្រាប់រថយន្តដឹកលើសទម្ងន់ពី ២០ភាគរយឡើងទៅ នឹងត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំថែមទៀតផង៕