(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១៥ ខែមីនានេះ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាននិងកំពុងរិតបន្តឹង​រថយន្តធុនធ្ងន់ ចេញចូលរាជធានីភ្នំពេញ ដោយបាន​ដាក់ចេញនូវគោលការណ៍ចំនួន៣ គឺកំណត់តម្រាយផ្លូវរត់ កំណត់ប្រភេទរថយន្ត និងកំណត់រយៈពេល។

លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook របស់លោក ដោយបញ្ជាក់នូវការចរាចរណ៍របស់ប្រភេទរថយន្ត ពេលវេលាហាមឃាត់ និងពេលវេលាអនុញ្ញាតឲ្យរថយន្តចេញចូលរាជធានីភ្នំពេញ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ការរឹតបន្តឹងត្រូវបានហាមឃាត់រថយន្តធុនធ្ងន់ ចេញចូលរាជធានី ចំពោះប័ណ្ណប្រភេទ A B C (មានរូបភាពបញ្ជាក់ភ្ជាប់ជាមួយ) ម៉ោង៦៖០០នាទី ព្រឹកដល់​ម៉ោង​​៩៖០០នាទីព្រឹក និងម៉ោង១៦៖០០នាទី រសៀលដល់ម៉ោង២០៖០០នាទីយប់។ ចំពោះប័ណ្ណប្រភេទ D ហាមឃាត់ចេញចូលរាជធានីពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង​២០៖០០នាទីយប់ ប៉ុន្តែ​អនុញ្ញាតិឲ្យចរាចរ២៤ម៉ោង លើ២៤ម៉ោងលើតម្រាយផ្លូវក្រវ៉ាត់ក្រុងបានរួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវលោកឧកញ៉ា លី យ៉ុងផាត់ ស្ពានព្រែកព្នៅ ផ្លូវកប់ស្រូវ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង ផ្លូវជើង​ឯក ស្ពានព្រែកសំរោង ផ្លូវថៃហ្គ័រ និងផ្លូវជាតិលេខ១។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមថា «លក្ខណៈសម្បត្តិដែលរថយន្ត ទទួលបានប័ណ្ណចេញចូលរាជធានីភ្នំពេញ ត្រូវមានប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរ ឈៀក លិខិតធ្វើអាជីវកម្ម និងពន្ឋផ្លូវប្រចាំឆ្នាំ។ សូមម្ចាស់រថយន្តធុនធ្ងន់ចូលរួមអនុវត្តតាមការណែនាំខាងលើ ឲ្យបានល្អប្រសើរ»