(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញស្ត្រីម្នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័កកម្រិត១ នៅស្រុករវៀង មានវិជ្ជមានជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចអោយបើកដំណើរការឡើងវិញទីតាំងអាជីវកម្ម និងផ្ទះប្រជាពលរដ្ឋដែលបានបិទខ្ទប់កន្លងមកផងដែរ។

យោងសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ គឺបានបញ្ជាក់ថា ស្ត្រីដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ គឺបានរួមដំណើរជាមួយអ្នកជំងឺកូវីដ១៩ មកពីខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២១ កន្លងទៅនេះ ហើយស្ត្រីរូបនេះបានយកសំណាកទៅពិនិត្យ២ដង តែលទ្ធផលអវិជ្ជមាន លុះយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ យកសំណាកលើកទី៣ ទៅពិន្យលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២៧ករណី បានព្យាបាលជាសះស្បើយចំនួន ៥ករណី និងកំពុងសម្រាកព្យាបាលចំនួន ២២ករណីទៀត៕