គណៈអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើជាប្រធានគ.ជ.ប

12-06-2021 11:32

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលបានដាក់ពាក្យទៅកាន់រដ្ឋសភា ដើម្បីស្នើធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។ នេះបើតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមិថុនា។

លោក ឡេង ប៉េងឡុង មិនបានបង្ហាញអំពីបង្ហាញអំពីអត្តសញ្ញាណបេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើជាប្រធានគ.ជ.បនេះនៅឡើយទេ ហើយលោកបានអះអាងថា មានបេក្ខជន៤រូបបានមកដាក់ពាក្យ ហើយក្នុងនោះ២រូបខ្វះឯកសារ ដែលពួកគេរៀបចំមិនបានទាន់ពេលវេលា។

បន្ទាប់ពីប្រជុំពិនិត្យមើលលក្ខណៈសម្បត្តិ រដ្ឋសភានឹងបញ្ជូនទៅកាន់គណបក្សឈ្នះឆ្នោត ដើម្បីជ្រើសរើសបេក្ខជន១រូប ដាក់ជូនរដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ ការជ្រើសរើសនេះមានរយៈពេល៣ថ្ងៃ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរដ្ឋសភា។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕