(ព្រះវិហារ)៖ តាមរយៈការធ្វើសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗ របស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ការទទួលបានជំនាញកែច្នៃដើមទ្រាំង ឱ្យក្លាយទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។

ប្រជាពលរដ្ឋរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបនេះ បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។

តាមរយៈការទទួលផលពីដើមទ្រាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ បានយល់ដឹងកាន់ខ្លាំងបន្ថែមទៀតពីសារៈប្រយោជន៍នៃព្រឈើ ពីព្រោះបន្ទាប់ពីមានរបរចិញ្ចឹមជីវិត ពិតប្រាកដ និងគុណតម្លៃនៃធនធានធម្មជាតិរបស់កម្ពុជានេះហើយ បានធ្វើឱ្យពួកគាត់មិនធ្វើចំណាកស្រុក ដើម្បីរកកម្រៃសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា-ឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ននេះ តាមរយៈការអភិរក្ស និងកិច្ចការពារបាននូវព្រៃឈើ ,សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវអនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។ ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែប ដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារនានា ដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ដែរថា ចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំង ពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។

ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ លោក នេត្រ ភក្ត្រា បានលើកឡើងដោយបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំង សម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់»

កំពុងឈរលក់សម្ភារដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡា បានឱ្យដឹងថា ចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារប្រើប្រាស់មកឃើញថាជីវភាពគ្រាន់គាប់ប្រសើរជាងមុន។ អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។

ដោយឡែក អ្នកស្រី ទិត្យ សុខុន រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថាអ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន។

អ្នកផលិតសម្ភារដែលកែច្នៃចេញពីដើមទ្រាំង មានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែប ខេត្តព្រះវិហារនេះ គឺលោក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថា តាមរយៈការកែច្នៃសម្ភារធ្វើពីដើមទ្រាំងនេះ គឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។

លោក មាស ហឿ បានឱ្យដឹងជុំវិញបញ្ហានេះថាប្រជាពលរដ្ឋក្នុងតំបន់នេះ គឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ។ សម្ភារទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង។

គួរបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅ ដែលមានកម្ពស់ពី៦ ទៅ ២៥ម៉ែត្រ។ ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានពណ៌ខ្មៅ នៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។

តាមឯកសារស្រាវជ្រាវ បានបញ្ជាក់ដែរថា ដើមទ្រាំង វាមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។ នៅប្រទេសកម្ពុជាដើមទ្រាំង ត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តមួយចំនួនដូចជា៖ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ជាដើម។

ជាមួយគ្នាប្រជាពលរដ្ឋមួយចំនួនមានជំនឿថា សម្ភារធ្វើពីទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអបិយជំនឿ។ ក្នុងនេះពួកគាត់មានជំនឿថាចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃទៀតផង៕