(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការស្លាប់របស់ស្ដ្រីម្នាក់វ័យ៧២ឆ្នាំ ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបានឱ្យដឹងថា បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរ ឈ្មោះ អៀង លាង អាយុ ៧២ឆ្នាំ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទាក់ទងនឹងប្រវត្តិរបស់អ្នកជំងឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ចៅរបស់គាត់ចំនួន ០៤នាក់ (ចៅទាំង០៤ ជាកម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ) បានមកលេងផ្ទះគាត់រយៈពេល ៣ថ្ងៃ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ ស្ត្រីរូបនេះ មានអាការៈក្តៅខ្លួន ពិបាកដកដង្ហើម អស់កម្លាំង បានមកចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកហ៊ុនណេង ស្រុកស្ទឹងត្រង់ ដោយសម្រាកព្យាបាលនៅក្នុងបន្ទប់ជំងឺទូទៅ របស់មន្ទីរពេទ្យបង្អែក។

រដ្ឋបាលខេត្តបានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដោយអាការៈរោគរបស់គាត់ មិនបានធូរស្រាល ក្រុមគ្រូពេទ្យបានយកសំណាកពិនិត្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គ កំពង់ចាម ដោយសារស្រីរូបនេះ មានសភាពហត់ខ្លាំង និងមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ដោយសារការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាព អ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្ត ទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏នៅមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់ បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី»

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ជនជាតិខ្មែរ ឈ្មោះ អៀង លាង អាយុ៧២ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុកូវីដ-១៩ និងមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព៕