(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានសម្រេចធ្វើការវះកាត់រលាកខ្នែងពោះវៀន ទៅលើអ្នកជំងឺដែលមានវិជ្ជមានកូវីដ១៩ ដោយទទួលបានជោគជ័យចំនួន ២លើក ដែលសុទ្ធតែជាករណីធ្ងន់ធ្ងរទាំងពីរករណីផងដែរ។

ប្រភពពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា «អ្នកជំងឺទី២នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានធ្វើការវះកាត់ប្រកបដោយជោគជ័យខាងលើនេះ ឈ្មោះ ហ៊ុច សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើក ឡានដឹកដីពីពង្រ ទៅផ្សារព្រៃខ្មែរ មានអាសយដ្ឋាននៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងប្រពន្ធឈ្មោះ កាន់ គឹមស្រ៊ុន អាយុ៤២ឆ្នាំ បានចូលមកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ២០៖៤៥នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ និងបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ទាំង២នាក់ផងដែរ»

បន្ទាប់ពីរកឃើញឪពុកម្ដាយវិជ្ជមានកូវីដ១៩ ទាំងពីរនាក់ រួចមកអាជ្ញាធរ និងមន្ត្រីសុខាភិបាល បានចុះទៅយកសំណាកកូនស្រីទាំងពីរនាក់របស់ពួកគាត់ជាបន្តទៀត និងបានរកឃើញវិជ្ជមានកូវីដ១៩ ទាំង២នាក់ដែល ដោយម្នាក់ជាកូនស្រីច្បង អាយុ៧ឆ្នាំ និងកូនស្រីម្នាក់ទៀត អាយុ២ឆ្នាំ និងត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែកបុរសជាឪពុក ពេលមកដល់មន្ទីរពេទ្យនៅថ្ងៃដំបូងគាត់មានអាការៈចុកពោះយ៉ាងខ្លាំង ដោយសារជំងឺរលាកខ្នែងពោះវៀន តែភ្លាមនោះគ្រូពេទ្យមិនទាន់ធ្វើការវះកាត់នៅឡើយទេ ដោយឱ្យគាត់សម្រាកព្យាបាលជាធម្មតាសិន។ តែដោយស្ថានភាពជំងឺរលាកខ្នែងពោះវៀន របស់គាត់មិនមានការថមថយដោយរិតតែមានអាការៈចុកខ្លាំងឡើងៗ ទើបនៅថ្ងៃទី១២ ខែមិថុនា គ្រូពេទ្យបានស ម្រេចធ្វើការវះកាត់រូបគាត់ ទាំងដែលគាត់មានវិជ្ជមានកូវីដ១៩ទៀតផង។

ប្រភពពីក្រុមគ្រូពេទ្យ បានបន្តថា ការវះកាត់ជំងឺរលាកខ្នែងពោះវៀន បុរសខាងលើនេះត្រូវបានចំណាយពេលអស់ ៤៥នាទី និងយកបានខ្នែងពោះវៀនដែលមានបណ្ដោយ ៨សង់ទីម៉ែត្រ និងទទឹង២សង់ទីម៉ែត្រ ហើយការវះកាត់ប្រកបដោយជោគជ័យ។ បច្ចុប្បន្នអ្នកជំងឺមានអាការៈធូរស្រាលពីជំងឺជាបណ្ដើរៗហើយ៕