(ព្រៃវែង)៖ នៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២១ លោក សោម ចាន់ឌីណា អនុរដ្ឋលេខាធិការក្រសួងហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បានអញ្ចើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនកម្មករធ្វើការនៅរោងចក្រសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ ដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលចំនួន១០៣នាក់ នៅខេត្តព្រៃវែង។

ក្នុងពិធីសំណេះសំណាលនោះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីថ្នាក់ដឹកនាំ និងអាជ្ញាធរភូមិឃុំ ស្រុក និងសមាជិកក្រុមប្រឹក្សាផងដែរ។

នាឱកាសនោះលោក សោម ចាន់ឌីណា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ក្រោមការដឹកនាំសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនូវយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ។

លោកបន្តថា សមេ្តចតេជោ ហ៊ុន សែន បានជំរុញក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ចាក់វ៉ាក់សាំងបង្ការការពារកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តតាមការណែនាំរបស់សមេ្តចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល «៣ការពារ និង៣កុំ»។

លោកប្រធានបន្តថា នៅថ្ងៃនេះក្នុងនាមលោកប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំពាមមានជ័យ បាននាំយកថវិកា អង្ករ និងសម្ភារមួយចំនួន ជួយឧបត្ថមដល់បងប្អូនកម្មកររោងចក្រ ទោះបីជាមិនបានច្រើនហូរហៀរមែនពិត ប៉ុន្តែនេះជាទឹកចិត្តហើយអាចជួយដោះស្រាយបានមួយគ្រាផងដែរ។

ទោះយ៉ាងណា លោកប្រធាន បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី និងពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ដោយអនុវត្តន៍តាមវិធាន «៣ការពារ និង៣កុំ» ឲ្យបានខ្ចាប់ខ្ចួន ពិសេសត្រូវឧស្សាហ៍អនាម័យជាប្រចាំ៕