(កណ្តាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងតាខ្មៅ និងលោក ខឹម សោភ័ណ ប្រធានក្រុមការងារ ចុះជួយសង្កាត់រការខ្ពស់ ព្រមទាំងអជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រក្រីចំនួន ១៥០គ្រួសារ ស្ថិតនៅក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានធ្វើការពន្យល់ណែនាំ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ឱ្យបានគ្រប់ពេលវេលា ដោយត្រូវខិតខំបន្តអនុវត្តវិធានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អប្រសើ សំដៅការពារអាយុជីវិតខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនកុំឱ្យឆ្លងជំងឺនេះ ចូលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតមូលដ្ឋានខ្លួន ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគម្លាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន។ ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ «៣កុំ និង៣ការពារ» ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

លោកបានបញ្ជាក់ថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩ ទើបធ្វើឲ្យជីវភាពប្រជាពលរដ្ឋជាច្រើន បានជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបានដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែទោះជាយ៉ានេះក្តីក៏អាជ្ញាធរ និងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រក្រី ក្នុងសង្កាត់រការខ្ពស់់ ចំនួន ១៥០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ១ដប មី ១កេស និងថវិកា ២ម៉ឺនរៀល៕