(ភ្នំពេញ)៖ ទីបំផុត ! រដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនឈ្មោះបេក្ខជន២រូប ដែលដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សប្រជាជនកម្ពុជាហើយ ដើម្បីជ្រើសរើសបេក្ខជន១រូប ដាក់ជូនកិច្ចប្រជុំរដ្ឋសភាពេញអង្គបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជំនួសដំណែង លោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។

បេក្ខជន២រូបនោះ គឺមាន លោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និង លោក កា លាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានទទួលយកដោយ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។ នេះបើតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា តាមច្បាប់គណបក្សឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ត្រូវសម្រេចចិត្តជ្រើសរើសបេក្ខជន១រូប ដើម្បីដាក់ជូនរដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលការធ្វើការសម្រេចចិត្តជ្រើសរើសនេះមានរយៈពេល៣ថ្ងៃ។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕