(សៀមរាប)៖ កូនឈើចម្រុះសរុបចំនួន ៦,២៩០ ដើមទៀត ត្រូវបានចែកចាយដល់សាធារណជន ដែលបានដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរជាតិអប្សរា។ ដើមឈើទាំងនោះ ត្រូវបានស្នើសុំដើម្បីយកទៅដាំនៅតាមដីគម្របព្រៃឈើ ស្ថាប័ន ដីចម្ការ និងដីផ្ទះរបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តសៀមរាប។

ការចែកចាយ ឬផ្តល់កូនឈើទាំងនោះរួមមាន៖

* ផ្តល់កូនឈើជូនលោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ១,៥០០ដើម ដើម្បីយកទៅដាំអមតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ ៣០០ដើម លឿងរាជ ២០០ដើម ក្ងោកធំ ២០០ដើម ក្ងោកតូច ២០០ដើម ត្របែកព្រៃ ២០០ដើម ចាមរី ២០០ដើម និងខ្នារ ២០០ដើម។

* ផ្តល់កូនឈើជូនតំណាងឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ចំនួន ២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង ៥០០ដើម ច្រេស ៥០០ដើម ឈើទាល ៥០០ដើម និងគគីរ ៥០០ដើម។

* ផ្តល់កូនឈើជូនលោក ស៊ន់ កាន់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ៥០០ដើម ដើម្បីយកទៅដាំតាមជើងភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រំដួល ១០០ដើម ក្ងោក ១០០ដើម ត្របែកព្រៃ ១០០ដើម និងអង្គារបុស្ស ២០០ដើម។

* ផ្តល់កូនឈើជូនលោក ទូច សេដ្ឋា បុគ្គលិកក្រុមហ៊ុន HEINEKEN CAMBODIA ចំនួន ២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិរោងគោ ឃុំថ្មបាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះរួមមាន គ្រញូង ២០ដើម បេង ២០ដើម ធ្នង់ ២០ដើម ច្រេស ២០ដើម ត្របែកព្រៃ ២០ដើម រំដួល ២០ដើម ផ្ញៀវ ២០ដើម គុយ ២០ដើម និងគូលែន ៤០ដើម។

* ផ្តល់កូនឈើជូនលោក ជា សណ្តាប់ ១០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណសាលារៀនក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល ៥០ដើម និងត្រាច ៥០ដើម។

* ផ្តល់កូនឈើជូនលោក អ៊ូច ឆត្រា ដើម្បីយកទៅដាំនៅខេត្តពោធិ៍សាត់ ២០០ដើមមាន គ្រញូង ៥០ដើម បេង ៥០ដើម ធ្នង់ ៥០ដើម និងច្រេស ៥០ដើម។

* ផ្តល់កូនឈើជូនលោក ធន់ ចាន់ថា ២៥០ដើម ដើម្បីយកទៅដាំនៅរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង ១០០ដើម បេង ៥០ដើម ធ្នង់ ៥០ដើម និងច្រេស ៥០ដើម ។

* ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ១,០៤០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណដីទំនេរជុំវិញប្រាសាទ និងទីធ្លាសាធារណៈនានាក្នុងឧទ្យានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល ២០០ដើម គគីរ ២០០ដើម កកោះ ៣០ដើម រំដួល ១០០ដើម អង្កាញ់ ១៥០ដើម គ្រញូង ៣០ដើម បេង ៨០ដើម ធ្នង់ ១០០ដើម និងច្រេស ១៥០ដើម។

* ប្រគេទកូនឈើជូនព្រះអង្គ ព្រេង សារិទ្ធ គង់នៅវត្តព្រះឥន្ទកោសីយ៍ខេត្តសៀមរាប ៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តផែនដីដំរីសរើល ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ កូនឈើទាំងនោះរួមមាន ឈើទាល ១០០ដើម គគីរ ១០០ដើម សំរោង ១០០ដើម គ្រញូង ១០០ដើម បេង ៥០ដើម និងធ្នង់ ៥០ដើម៕