(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេកទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប២.០០០ ម៉ែត្រ។

អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចំណុចស្ថាបនា ការពារបាក់ច្រាំងទន្លេ ចំនួន៣កន្លែង រួមមាន៖

*១កន្លែងស្ថិតនៅក្នុងឃុំឬស្សីស្រុក
*នៅក្នុងឃុំកោះអណ្តែត ក្នុងស្រុកស្រីសន្ធរ
*ស្ថិតក្នុងឃុំសូគង ស្រុកកងមាស ដែលសរុប ប្រវែង ២.០០០ ម៉ែត្រ។

លោកអភិបាលខេត្ត បានបន្តថា កន្លងមកនៅរដូវទឹកជំនន់ ច្រាំងទន្លេក្នុងភូមិសាស្ត្រ នៃស្រុកទាំង២ គឺមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ដីធ្លី បង្កបង្កើតផលរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយមើលឃើញអំពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋដូច្នេះ ទើបអាជ្ញាធរខេត្តកំពង់ចាម បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបសម្ដេច បានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការស្ថាបនា ដើម្បីការពារច្រាំងទន្លេនេះកុំឲ្យបាក់បន្តទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនាការពារច្រាំងទន្លេខាងលើ ជាលទ្ធផលរហូតមកដល់ពេលនេះ គឺខាងក្រុមបច្ចេកទេស សាងសង់បានក្នុងរង្វង់ ៦០ ភាគរយហើយ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តរំពឹងទុកថា កិច្ចការខាងលើនឹងស្ថាបនារួចរាល់ នៅក្នុងដើមរដូវវស្សានេះ ពោលគឺមុនទឹកទន្លេមេគង្គឡើង៕