(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលគិតមកទល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ គឺមានរយៈពេល១ឆ្នាំគត់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា រយៈពេល១ឆ្នាំការដាក់ឱ្យដំណើរការនេះ មានការស្នើសុំបញ្ជីអាជីវកម្មសរុប ៦ ៩៧៤ សំណើ ក្នុងនោះ ពាក្យស្នើសុំដែលបានអនុម័ត ៦ ១៦៤ សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យ ៨១០សំណើ ដោយមិនមានពាក្យស្នើសុំណាដែលបានបដិសេធឡើយ។ សម្រាប់ទំហំដើមទុនសរុបសម្រាប់ក្រុមហ៊ុន ដែលទទួលបានការចុះបញ្ជីប្រមាណ ២ ៦៣១ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានដំណើរការដោយរលូន និងប្រកបដោយផ្លែផ្លានេះ ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការយកចិត្តទុកដាក់ខ្ពស់ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងកិច្ចសហការដែលមិនអាចខ្វះបាន របស់ក្រសួង-ស្ថាប័នចូលរួម រួមមាន ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្របពេលដែលទទួលបានការសាទរ និងមតិវិជ្ជមានដ៏ច្រើនលើសលុបពីវិស័យឯកជន, ថ្នាលចុះបញ្ជីនេះ បានដាក់ឱ្យប្រើប្រាស់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានជួយសម្រួល និងធ្វើឱ្យការងារចុះបញ្ជីអាជីវកម្មនៅកម្ពុជា ប្រព្រឹតិ្តទៅដោយរលូន និងឥតដាច់។

ជាជំហានបន្ទាប់, ការដាក់ឱ្យដំណើរការដំណាក់កាលទី ២ ដែលអនុញ្ញាតឱ្យធុរជនអាចស្នើសុំ អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នឹងត្រូវដាក់ចេញអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕