(កំពង់ឆ្នាំង)៖ ប្ដីប្រពន្ធពីរនាក់ជាឪពុកម្ដាយ និងជាបងរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ បានឲ្យដឹងថា ពួកគាត់មិនទាន់ទទួលបានសំណងនៅឡើយទេ ពីភាគីម្ខាងទៀតគឺអ្នកបើករថយន្តក្រុង ក្រុមហ៊ុនបូព៌ាអាស៊ី ដែលបានបើកបុកកូនស្រីរបស់ខ្លួន និងប្អូនស្រី បណ្តាលឲ្យស្លាប់កាលពីជាង១ឆ្នាំកន្លងទៅ។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ពួកគាត់បានលើកដៃសំពះសំណូមពរដល់តុលាការខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកចៅក្រមកាន់សំណុំរឿងនេះ មេត្តាជួយពន្លឿនការដោះស្រាយទាមទារសំណងរដ្ឋប្បវេណីក្នុងរឿងខាងលើនេះ ជូនក្រុមគ្រួសារជនរងគ្រោះដោយអនុគ្រោះ។ ព្រោះក្រុមគ្រួសារជនរងគ្រោះកំពុងជួបការខ្វះខាតយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ ខណៈពេលដែលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលនេះ។

ស្ត្រីឈ្មោះ ខន លីម អាយុ៣៨ឆ្នាំ និងប្តីឈ្មោះ ភឹម សុវី អាយុ៤០ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ បាននិយាយទាំងទឹកភ្នែកថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កូនស្រីរបស់គាត់ឈ្មោះ ឈាន គឹមលី អាយុ១៦ឆ្នាំ និងប្អូនស្រីគាត់ឈ្មោះ ភឹម ស៊ីនាង អាយុ៣១ឆ្នាំ បានជិះម៉ូតូឌុបគ្នា២នាក់ ចេញពីលំនៅឋានទៅកាន់ឃុំត្រពាំងចាន់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវជាតិលេខ៥។

លុះដល់ចំណុចផ្លូវអ្នកតាពោធិ៍ ក៏ត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ ពាក់ស្លាកលេខ 3C-4760 បានបុកម៉ូតូពីក្រោយពេញទំហឹងនៅចំណែកផ្លូវខាងស្ដាំរបស់ម៉ូតូ បណ្ដាលឱ្យកូនស្រី និងប្អូន ស្រីបង្កើតរបស់គាត់ម្នាក់ទៀតបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ចំណែកម៉ូតូរងការខូចខាតខ្ទេចទាំងស្រុង។

ក្រោយពេលកើតហេតុ ពួកគាត់បានទៅទទួលយកសពកូន និងប្អូនស្រីពីសមត្ថកិច្ចយកមកធ្វើបុណ្យទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត។ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុក និងបានកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនទៅតុលាការ។

ប្ដីប្រពន្ធទាំងពីរនាក់ជាក្រុមគ្រួសារជនរងគ្រោះ បានបន្តថា ក្រោយពេលកើតហេតុពួកគាត់ត្រូវបានសមត្ថកិច្ច បានហៅមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដើម្បីធ្វើកំណត់ហេតុផងដែរ។

លុះជាង២ខែក្រោយកើតហេតុ ខាងក្រុមហ៊ុនធានារ៉ាប់រងរបស់រថយន្តក្រុងដែលបង្កខាងលើ ក៏បានទូរស័ព្ទមកធ្វើការចរចាជាមួយពួកគាត់ម្ដងដែរ កាលណោះដោយបានព្រមព្រៀងគ្នាក្នុងតម្លៃ៦ពាន់ដុល្លារ។ ប៉ុន្តែមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ខាងក្រុមហ៊ុន មិនបានសងប្រាក់សំណងតាមការសន្យានោះឡើយ។ ដូចនេះពួកគាត់សូមលើកដៃសំពះសំណូមពរដល់តុលាការខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកចៅក្រមដែលកាន់សំណុំរឿងនេះ មេ ត្តាជួយពន្លឿនការដោះស្រាយសំណងរដ្ឋប្បវេណីពីក្រុមហ៊ុនរបូព៌ាអាស៊ី ជូនក្រុមគ្រួសារពួកគាត់ជាជនរងគ្រោះដោយក្តីអនុគ្រោះផង។

ក្នុងរឿងនេះដែរ លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៤ ខែមិថុនានេះ បានឲ្យដឹងថា រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ការិយាល័យរបស់លោកបានបញ្ជូនសំណុំរឿងទៅតុលាការយូរហើយ ព្រោះខាងក្រុមហ៊ុនបានចរចាត្រូវរ៉ូវគ្នា ប៉ុន្តែមិនឃើញយកប្រាក់សំណងរដ្ឋប្បវេណីមកជូនក្រុមគ្រួសារជនរងគ្រោះឡើយ ទើបលោកបញ្ជូន សំណុំរឿងនេះទៅតុលាការ តែលោកមិនបានដឹងថា សំណុំរឿងនេះលោកចៅក្រមណាមួយជាអ្នកកាន់នោះឡើយ៕