(កំពង់ស្ពឺ)៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ ចំនួន៨៥នាក់បានព្យាបាលជាសះស្បើយ។

ក្នុងរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ដែលព្យាបាលជាសះស្បើយសរុបចំនួន ៩៤១នាក់ ខណៈកំពុងសម្រាកព្យាបាលចំនួន៨៨៣នាក់ និងស្លាប់មានចំនួន២៧នាក់។

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា អ្នកជំងឺកូវីដ១៩ ក៏មានស្ដ្រីមានផ្ទៃពោះផងដែរ ក្នុងនោះមាន១៧នាក់ ដែលសម្រាកកូនដោយសុវត្ថិភាព ពេលកំពុងសម្រាកព្យាបាលជំងឺ៕