(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងចូលរួមពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមប្រព័ន្ធវីដេអូ។

ការចូលរួមពិធីនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងពិធីបើកកិច្ចសន្ទនាខាងលើនេះ ជាមួយនឹង លោក ប៊ូយ ថាញ់សឺន លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង លោក Sergey V. Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៉ី ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា សុន្ទរកថាគន្លឹះរបស់ លោកឧបនាយករដ្ឋមន្ត្រី នឹងផ្តោតលើដំណើរការនៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយ ក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល ការធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់របស់ជំងឺនេះទៅលើវិស័យសេដ្ឋកិច្ច-សង្គម ជាដើម។ ក្នុងន័យនេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជា បានដាក់ចេញ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងចែករំលែកចក្ខុវិស័យរបស់លោកលើអនាគតរបស់ ASEM នៅឆ្នាំខាងមុខផងដែរ ជាពិសេស គឺកិច្ចសហប្រតិបត្តិការពហុវិស័យរបស់ ASEMដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប។

ក្រសួងការបរទេសបានបញ្ជាក់ទៀតថា៖ ក្នុងការរំលឹកខួប២៥ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប កិច្ចសន្ទនាជាន់ខ្ពស់នេះ នឹងផ្តល់នូវកាលានុវត្តភាព សម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធទាំងអស់ដើម្បី (១)ឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ ASEM សម្រេចបាននាពេលកន្លងមក (២) វាយតម្លៃពីទំនោរថ្មីៗដែលនឹងអាចជះឥទ្ធិពលមកលើតួនាទីរបស់ ASEM (៣) កំណត់វិស័យសហប្រតិបត្តិការសំខាន់ៗរបស់ ASEM និង (៤) ជំរុញភាពជាដៃគូ អាស៊ី-អឺរ៉ុបឱ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងបរិបទនៃពិភពលោកដែលកំពុងមានការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ៕