(កោះកុង)៖ ក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កម្មករ កម្មការីនី បម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេស LYP គ្រុប និងប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អមដំណើរដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោកឧត្តមសេនីយ៍ឯក ជា វណ្ណា នាយករងខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

នាយឧត្តមសេនីយ៍ ប៊ុន លើត បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកដំបូងជូនកម្មករ កម្មការិនីបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បុគ្គលិក LYP គ្រុប និងប្រជាពលរដ្ឋស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីចូលរួមការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ក្នុងព្រឹត្តការណ៍ ២០ កុម្ភៈ។

នាយឧត្តមសេនីយ៍ ប៊ុន លើត​ បានបន្ថែមថា ថ្ងៃនេះក្រុមគ្រូពេទ្យបានបើកយុទ្ធនាការជាលើកដំបូងដើម្បីចាក់វ៉ាក់សាំងជូនកម្មការិនី KKN1 KKN2 KKN3 និងបុគ្គលិកក្រុមហ៊ុន LYP គ្រុប ហើយរសៀលថ្ងៃដដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចំនួន៣ចំណុចមាន៖ វត្តចាំយាម, វត្តប៉ាក់ខ្លង, វត្តនាងកុក។

នាឱកាសនេះដែរ នាយឧត្តមសេនីយ៍ក៏សូមអំពាវរនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលបន្ត ដើម្បីបញ្ចប់ព្រឹត្តការណ៍ ២០ កុម្ភៈ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ចទោះបីយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយពីព្រោះជំងឺកូវីដ១៩ នៅតែជាហានិភ័យខ្ពស់ សម្រាប់មនុស្សទាំងអស់គ្នា៕