(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារៈ និងការផ្តល់ប្រឹក្សាបច្ចេកទេស។

ការចាត់ទុកបែបនេះ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មរយៈពេល ០៥ឆ្នាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៦មក។

ក្នុងជំនួបនេះ លោក Nick Beresford បានថ្លែងថា លោកមានសេចក្តីសប្បាយរីករាយដែលបានបំពេញការងារនៅកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមមានការងារបោសសម្អាតមីនមនុស្សធម៌ផងដែរ ក្រោមការងារដឹកនាំរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមចំណែក ក្នុងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទីជនបទ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UNDP ដែលបានចូលរួមចំណែកគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះវិស័យបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ UNDP បានកៀរគរនូវធនធានសរុបថវិកាប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារអាមេរិក ផ្តោតលើខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ក្រោមការចូលរួមផ្តល់ជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UN អូស្រា្តលី កាណាដា សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស្ស ស៊ុយអែដ អៀរឡង់ បែលហ្សិក និងបារាំង ដែលក្នុងនោះអង្គការ UNDP បានរួមចំណែកថវិកាសរុប ៦,០៧៩,៧៩៩ ដុល្លារអាមេរិក។

លោកបានបន្តទៀតថា ក្រោមជំនួយគាំទ្រខាងលើ និងក្រោមការសម្របសម្រួលរបស់លោក Nick Beresford ចាប់ពីឆ្នាំ២០១៦ លោកបានខិតខំប្រឹងប្រែងកៀរគរនូវធនធានគិតជាថវិកាសរុប ៣២,២៣១,៤១៩ដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ២០២៥ ក្នុងការគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេល ០៥ឆ្នាំនេះ សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ លោក Nick Beresford បានទទួលនូវមេដាយសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសប្រារព្ធសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨៕