(តាកែវ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានលើកឡើងថា ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងជំងឺកូវីដ១៩ហើយនោះ មិនចាំបាច់ទៅចាក់វ៉ាក់សាំងនោះឡើយ។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ឥត សារ៉ាត់ បានលើកឡើងថា តាមការអះអាងបែបលក្ខណៈវិទ្យាសាស្ត្រ អ្នកជំងឺកូវីដ១៩ ដែលបានក្រុមគ្រូពេទ្យព្យាបាលជាឱ្យសះស្បើយហើយនោះ គឺមានប្រព័ន្ធភាពសុាំ និងមានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ រួចហើយនេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ យើងបានយកគាត់ទៅព្យាបាល ហើយគាត់ជាសះស្បើយ និងគាត់ចង់មកចាក់វ៉ាក់សាំង ក្នុងគោលបំណងដែលគាត់មកចាក់ ដើម្បីចង់បានប័ណ្ណចាក់វ៉ាក់សាំងនេះ។ សូមជម្រាបថា បើតាមលក្ខណៈបច្ចេកទេសនៃវិទ្យាសាស្ត្រយើងមិនអាចចាក់គាត់បានទេ ដោយពេលដែលគាត់បានជាហើយនេះ គឺគាត់មានភាពសុាំ ឈ្នះនឹងជំងឺកូវីដ១៩ អ៊ីចឹងបានគាត់ជា ចំពោះបញ្ហាដែលគាត់ចង់ចាក់ បើតាមការណែនាំមិនអាចចាក់បានទេ ដោយសារតែគាត់បានអង់ទីគ័រហើយ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ថែមថា «ប្រសិនបើអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយពីជំងឺហើយ ដែលមានបំណងចង់បានប័ណ្ណចាក់វ៉ាក់សាំង គឺនៅចំពោះមុខ គឺពួកគាត់អាចប្រើប្រាស់ប័ណ្ណដែលគ្រូពេទ្យបញ្ជាក់ថាគាត់ត្រូវបានព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយរួចហើយ ដើម្បីប្រើប្រាស់ប័ណ្ណនេះទៅកន្លែងដទៃទៀតបាន។ ដូច្នេះប្រសិនបើគាត់ចង់ចាក់វ៉ាក់សាំង គឺត្រូវប្រើរយៈពេលទៅមុខទៀតជាដើម»

នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំណូមពរក្រុមការងារចាក់វ៉ាក់សាំង ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវបំផុត លើវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។ ជាពិសេសសមាជិកក្រុមគ្រូពេទ្យ ក៏ត្រូវតែយកចិត្តទុកដាក់តាមដាន និងពិនិត្យសុខភាពផ្ទាល់ខ្លួនយើងម្នាក់ៗ ដើម្បីឱ្យប្រាកដថាយើងគ្រប់គ្នាគ្មានផ្ទុកមេរោគកូវីដ១៩ មុនពេលបំពេញការងារ និងក្រោយពេលបំពេញការងារ នៅតាមគោលដៅនិមួយៗ ដែលប្រការនេះគឺដើម្បីសុខភាពយើងផ្ទាល់ផង ហើយក៏ជាការចូលរួមកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងសហគមន៍យើងផងដែរ។

ប្រធានប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ក៏បានរំលឹកដល់ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់ និងការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ចៀសវាងការមកពពាក់ពពូនគ្នាដែលនាំឱ្យប្រឈមនឹងការឆ្លងជំងឺ។ ពេលមកចាក់វ៉ាក់សាំងទៀតសោត ត្រូវអនុវត្តន៍វិធានសុខាភិបាល មានការរក្សាគម្លាតសុវត្តិភាព អនាម័យ ការវាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ អាល់កុល ពាក់ម៉ាស ឱ្យបានជាប្រចាំ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សូមជម្រាបថា ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដែលរស់នៅ និងស្នាក់នៅក្នុងភូមិសាស្ត្រស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ របស់ខេត្តតាកែវ ប្រមាណ ៣២២,៣៥៥នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។

បើតាមគម្រោងផែនការរបស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា សម្រាប់ខេត្តតាកែវ មានស្រុកចំនួន៣ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលភាគច្រើនស្រុកទាំង៣នេះ សំបូរទៅដោយប្រជាពលរដ្ឋ កម្មករ កម្មការិនី បម្រើការនៅក្នុងរោងចក្រសហគ្រាសឯកជននៅក្នុងតំបន់ឧស្សាហកម្មទាំងនោះ៕