(សៀមរាប)៖ ព្រះចៅអធិការវត្តព្រះឥន្ទកោសា ព្រះតេជគុណ តាត មហាទី និងព្រះតេជគុណ ហុក សុវណ្ណ ចៅអធិការវត្តព្រះឥន្ទកោសីយ៍ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រមទាំងឧបាសក ចិន សាលី បាននាំយកអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលត្រូវបានបិទខ្ទប់នៅភូមិសាស្ត្រ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អំណោយទាំងនេះ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋជួបការលំបាក ព្រោះការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាចូលរួមជាមួយនឹងរាជរដ្ឋាភិបាលជម្នះការលំបាក។ ការចែកអំណោយនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នា២០២១ ដោយមានការចូលរួមពីលោក សយ សីហា មេឃុំត្រពាំងធំ និងនាយប៉ុស្តិ៍រដ្ឋបាលត្រពាំងធំផងដែរ។

ព្រះតេជគុណ តាត មហាទី បានមានសង្ឃដីកាថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិត ជួយដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ អំណោយនេះថ្វីត្បិតតិចតួច តែវាបានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅជាប់ក្នុងតំបន់បិទខ្ទប់។

ព្រះតេជគុណ តាត មហាទី បានជំរុញប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារការចម្លងជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធានការពារ ដែលណែនាំដោយក្រសួងសុខាភិបាល និងអាជ្ញាធរ។ ជាពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំ ប្រកបដោយគតិបណ្ឌិត និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណតាត មហាទី ព្រះចៅអធិការវត្ត ព្រះឥន្ទកោសា និងព្រះតេជគុណ ហុក សុវណ្ណ ចៅអធិការវត្តព្រះឥន្ទកោសីយ៍ ដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងថវិកា ចំពេលកំពុងខ្វះខាត៕