(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានថ្លែងថា កម្ពុជាអាចនឹងមានការឆ្លង រីករាលដាលជំងឺកូវីដ១៩ ដែលជារលកទី៣ ដោយសារមេរោគបម្លែងថ្មី Delta បើមិនមានចំណាត់ការទាន់ពេលវេលាទេនោះ ដែលនេះជាការបារម្ភដ៏ធំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងសភាពការណ៍ ដែលលើកឡើងនូវព្រឹត្តិការណ៍រលកទី១ ដែលមេរោគបម្លែងមកពីអង់គ្លេស ចូលមកកម្ពុជា បញ្ហាវាបានកើតបែបនេះរួចស្រេចទៅហើយ។ ជាមួយគ្នានេះ គេកំពុងតែឃើញថា វត្តមាននៃមេរោគថ្មី ដែលមានប្រភពពីឥណ្ឌា ក៏បានចូលមកដល់ប្រទេសជិតខាងយើង ក៏ដូចជានៅក្នុងប្រទេសរបស់យើងដែរ ដែលហៅថា Delta ហើយមេរោគនេះទៀតសោតវាមាន Delta ធម្មតា និងមេរោគ Delta plus ។ អញ្ចឹងទេ វាអាចនឹងចាប់ផ្តើមនូវរលកទី៣ ប្រសិនបើយើងមិនយកវិធានការទាន់ពេលវេលាទេនោះ។ នេះជាការបារម្ភ មិនគ្រាន់តែកម្ពុជាទេ គឺពិភពលោកទាំងមូល វាក៏នឹងមានបញ្ហានេះដូចគ្នា»។
ក្រុមអ្នកជំនាញសុខាភិបាលជាច្រើនលើពិភពលោក បានព្រមានថាមេរោគបម្លែងថ្មី Delta ដែលត្រូវបានគេរកឃើញមុនគេក្នុងប្រទេសឥណ្ឌា ដែលបច្ចុប្បន្នឆ្លងរាលដាលទៅដល់ជិត ១០០ប្រទេស បាននិងកំពុងបង្កការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងកម្ចាត់ជំងឺកូវីដ១៩ និងក្ដីសង្ឃឹមត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញរបស់ពិភពលោក។ ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ ការព្រួយបារម្ភបានផ្ទុះឡើងរឹតតែខ្លាំង ក្រោយអាជ្ញាធរសុខាភិបាលឥណ្ឌា ប្រកាសពីការរកឃើញមេរោគបម្លែងថ្មីមួយប្រភេទទៀតកើតចេញពី Delta ដែលគេបានដាក់ឈ្មោះថា «Delta plus»។
Delta plus មានលេខកូដសម្គាល់ B.1.617.2.1 ឬក៏ AY.1 កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ។ កាលពីចុងខែមិថុនាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលឥណ្ឌា បានសម្រេចប្រកាសចាត់ទុកថា Delta plus ជា «មេរោគដែលត្រូវព្រួយបារម្ភ (variant of concern)» ខណៈពួកគេបារម្ភខ្លាចក្រែងមេរោគបម្លែងថ្មីនេះ អាចនឹងបង្កជារលកទី៣ នៃការរីករាលដាលជំងឺកូវីដ១៩។
ក្នុងឱកាសថ្លែងសារចំពោះមុខ សមាសភាពគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី Delta ផងដែរ។
ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែក សម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី Delta ហើយធ្វើចត្តាឡីស័កត្រូវធ្វើដល់ ២១ថ្ងៃ៕