(ភ្នំពេញ)៖ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធបិតីចិន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News មុននេះ លោក Xi Jinping បានសរសេរថា «ក្នុងឱកាសខួបទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមតាងនាមបក្សកុម្មុយនិស្តចិន ប្រជាជនចិននិងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេច ហ៊ុន សែន ជាប្រធានបក្ស គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា»។
លោក Xi Jinping បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានបង្រួបបង្រួម និងដឹកនាំប្រជាជនកម្ពុជាចូលរួមក្នុងបុព្វហេតុកសាង និងការអភិវឌ្ឍប្រទេសជាតិ ដោយបានបានរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការលើកកម្ពស់តួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ យើងមានសេចក្តីរីករាយ យ៉ាងស្មោះស្ម័គ្រចំពោះសមិទ្ធផលទាំងនេះ។ ភាគីចិន នឹងបន្តគាំទ្រកម្ពុជា ដើម្បីដើរតាមមាគ៌ាអភិវឌ្ឍន៍មួយ ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា នឹងបន្តរួមចំណែកកាន់តែច្រើន និងថ្មីៗថែមទៀតដល់វិបុលភាពជាតិ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់របស់យើងផងដែរ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា «ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្តដែកថែប និងជាសហគមន៍រួមវាសនាតែមួយ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់អស់កាលជាយូរមក។ បក្សកុម្មុយនិស្តចិន យកចិត្តទុកដាក់ខ្ពស់លើការធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាព ជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំមានឆន្ទៈរួមជាមួយសម្តេច ហ៊ុន សែន សំដៅបង្កើនការណែនាំផ្នែកនយោបាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូររវាងបក្សនិងក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាខួប៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាមរយៈការបោះឆ្នោត រយៈពេល៦អាណត្តិមកនេះ បានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
គណបក្សបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពីការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញ របស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕
ខាងក្រោមនេះជាសារលិខិតរបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖